(ម៉ិចស៊ីកូ)៖ រដ្ឋាភិបាលម៉ិចស៊ីកូបានបង្ហាញមន្ទិលសង្ស័យ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសដកខ្លួនពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ UNHRC ដោយនិយាយថា ការដើរចេញពីស្ថាប័នអន្តរជាតិនេះ គឺសហរដ្ឋអាមេរិកមិនមែនរួចខ្លួនពីការទំនួលខុសត្រូវក្នុងការគោរពប្រតិបត្តិសិទ្ធិមនុស្ស ទាំងនៅក្នុងប្រទេសរបស់ខ្លួន និងនៅទូទាំងសកលលោកនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។
ក្រសួងការបរទេសម៉ិចស៊ីកូបានលើកឡើងថា ការដកខ្លួនរបស់អាមេរិកចេញពី UNHRC មិនអាចលើកលែងទីក្រុងវ៉ាស៊ីនតោន ពីការបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ទាក់ទិននឹងបញ្ហានៃការលើកកម្ពស់ ព្រមទាំងការពារសិទ្ធិមនុស្សដូចប្រទេសដទៃៗទៀតនោះឡើយ»។ ក្រសួងបានបន្ថែមថា រដ្ឋាភិបាលម៉ិចស៊ីកូ មានការសោកស្តាយជាខ្លាំង ចំពោះការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ និងជឿជាក់ថា ពហុភាគីនិយម គឺជាផ្លូវដ៏ប្រសើរជាងគេ ដើម្បីដោះស្រាយបញ្ហាពិភពលោក។
គួរជម្រាបថា លោកស្រី នីកគី ហាឡេយ៍ (Nikki Haley) អគ្គរដ្ឋទូតអាមេរិកប្រចាំ UN នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាស ដកសហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដោយចោទថា ស្ថាប័នមួយនេះមានភាពលម្អៀង ពុតត្បត់ និងបម្រើតែផលប្រយោជន៍ខ្លួនឯង ព្រមទាំងអនុវត្តន៍ស្ដង់ដារពីរប្រឆាំងនឹងអ៊ីស្រាអែល៕