(ចិន)៖ អ្នកបុរាណវិទ្យាមួយក្រុមបានរកឃើញទីតាំងផ្ទាំងហ្វូស៊ីល (Fossil) មួយកន្លែង ដែលមានផ្ទុកនូវដានជើងសត្វដាយណូស័រជាច្រើនពូជខុសៗគ្នា នៅឯខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន ខណៈដែលហ្វូស៊ីលនៃដងខ្លួនសត្វយក្សទាំងនោះ ពុំត្រូវបានគេរកឃើញនោះទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៨។
ក្រុមអ្នកស្រាវជ្រាវខាងលើ ដែលរួមមានអ្នកជំនាញមកពីចិន សហរដ្ឋអាមេរិក និងអូស្រ្តាលី បានរកឃើញដានជើងជាង ៣០០ ដែលបន្សល់ទុកដោយពពួកសត្វដាយណូស័រមួយក្រុមធំ កាលពីសម័យ Cretaceous Period ពោលគឺប្រមាណ ១២០លានឆ្នាំមុនមកម្ល៉េះ។
បើតាមការសង្កេតលើដានទាំងនោះ គឺក្រុមអ្នកស្រាវជ្រាវបានមើលឃើញថា មានសត្វដាយណូស័រចំនួន ០៧ប្រភេទ ដែលបានធ្វើដំណើរឆ្លងកាត់ភ្នំ ម៉ាលីង (Maling) ក្នុងនោះរួមមានទាំងពពួកស៊ីសាច់ ពួកស៊ីរុក្ខជាតិ និងពួកមានស្លាបជាដើម។
គួរជម្រាបថា ការរកឃើញដានជើងដាយណូស័រខាងលើនេះ គឺជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែពុំមានគ្រោងឆ្អឹងសត្វបុរាណនេះណាមួយ ត្រូវបានរកឃើញពីមុនមក នៅក្នុងតំបន់ខាងលើឡើយ៕