លោក ណាជីប រ៉ាហ្សាក់ បកស្រាយ៖ «ខ្ញុំមិនដឹងទាល់តែសោះថា លុយមូលនិធិ 1MDB រត់ចូលមកគណនីធនាគារខ្ញុំ...» (Video inside)
21-06-2018 09:43
(គូឡាឡំាពួ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានអះអាងថា លោកមិនគួរត្រូវបានគេបន្ទោសក្នុងរឿងអាស្រូវ ពុករលួយមូលនិធិរដ្ឋ 1MDB នោះឡើយ ដោយសារតែលោកមិនបានដឹងទាល់តែសោះថា ហេតុអ្វីបានជាមូលនិធិរដ្ឋរាប់លានដុល្លារ រត់ចូលក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។
លោក ណាជីប ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ Reuters ជាលើកដំបូងចាប់តាំងពីលោកបានចាញ់ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី០៩ ខែឧសភា និងបន្ទាប់ពីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក មហាធា មហាំម៉េដ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអ្នកស៊ើបអង្កេតមានភស្ដុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ប្រឆាំងនឹងរូបលោក។ ថ្លែងនាឱកាសនោះ លោក ណាជីប បានគូសបញ្ជាក់ថា « ខ្ញុំមិនបានដឹងទាល់តែសោះថា មូលនិធិរដ្ឋ 1MDB រាប់លានដុល្លាររត់ចូលក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយខ្ញុំក៏មិនដែលអនុញ្ញាតឱ្យមូលនិធិនេះ ត្រូវបានប្រើប្រាស់មិនត្រឹមត្រូវដែរ។ ខ្ញុំបានដឹកនាំរដ្ឋាភិបាលជាច្រើនឆ្នាំ ដូច្នេះខ្ញុំដឹងថា អ្វីត្រឹមត្រូវ និងអ្វីមិនត្រឹមត្រូវ»។
គួររំលឹកថា កាលពីថ្ងៃឧសភាកន្លងទៅ ប៉ូលិសម៉ាឡេស៊ីបានរឹបអូសប្រអប់ចំនួន ៣០០ ដែលពោរពេញទៅដោយកាបូបថ្លៃៗ គ្រឿងអលង្កា និងលុយសុទ្ធជាង ១១៤លាន ringgit (ជាង ២៨លានដុល្លារអាមេរិក) ពីខុនដូដែលមានជាប់ពាក់ព័ន្ធនឹងលោក ណាជីប។ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រី រូបនេះថាវាគ្រាន់តែជាអំណោយដែលគេជូនភរិយា និងកូនស្រីរបស់លោក រីឯលុយ ១១៤លាន ringgit គឺជាមូលនិធិរបស់គណបក្សតែប៉ុណ្ណោះ។
លើសពីនេះទៅទៀត លោក ណាជីប ក៏បានបញ្ជាក់ឡើងវិញដែរថា លោកគ្មានគំរោងចាកចេញពីប្រទេសម៉ាឡេស៊ីឡើយ។ លោក ណាជីប បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំគ្មានគំរោងចាកចេញពីប្រទេសនោះទេ ពីព្រោះបើខ្ញុំរត់គេចគឺមានន័យថា ខ្ញុំបានប្រព្រឹត្តកំហុស។ ម្យ៉ាងវិញទៀត ខ្ញុំក៏មិនអាចរត់គេចអសមួយជីវិតដែរ ហើយខ្ញុំនឹងប្រើពេលដែលនៅសល់ដើម្បីលាងកេរ្តិ៍ឈ្មោះរបស់ខ្ញុំឡើងវិញ»៕