(រីយ៉ាដ)៖ សារព័ត៌មាន Gulf News បានឱ្យដឹងថា អារ៉ាប៊ីសាអូឌីតមានគំរោងជីកព្រែកមួយ នៅតាមបណ្ដោយព្រំដែនជាប់ប្រទេសកាតា ដើម្បីកាត់ផ្ដាច់អ្នកក្បែរខាងរបស់ខ្លួនមួយនេះ ពីដីគោកឱ្យកា្លយទៅជាកោះតែលតោលមួយ ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅតែពុំទាន់អាចផ្សះផ្សាបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។
យោងតាម Gulf News ថ្ងៃទី២៥ ខែមិថុនាខាងមុខនេះ គឺជាថ្ងៃផុតកំណត់ដេញថ្លៃជីព្រែក Salwa មានប្រវែង ៦០គីឡូម៉ែត្រ។ សារព័ត៌មាននេះដដែល ឱ្យដឹងទៀត ក្រុមហ៊ុនអន្តរជាតិចំនួន ០៥ ជំនាញខាងជីកព្រែក បានដាក់ពាក្យសុំដេញថ្លៃសាងសង់ព្រែកនេះ ដែលមានទទឹង ២០០ម៉ែត្រ និងជម្រៅ ២០ម៉ែត្រ ហើយនឹងរត់កាត់នៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ព្រមទាំងមានចំងាយមួយគីឡូម៉ែត្រ ពីព្រំដែនជាប់ជាមួយកាតា។
ក៏ប៉ុន្តែគួរឱ្យកត់សម្គាល់ ថ្លែងនៅលើ Twitter នៅថ្ងៃអង្គារសប្ដាហ៍នេះ ទីប្រឹក្សាព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត លោក សូដ អាល់ កាតានី (Saud al-Qahtani) បានអះអាងថា គំរោងជីព្រែកសាល់វ៉ា (Salwa) នឹងធ្វើឱ្យកាតាក្លាយជាកោះមួយតែលតោល។ ចំណែកឯអ្នកទទួលជ័យជម្នះក្នុងការ ដេញថ្លៃនឹងត្រូវប្រកាសនៅ ៩០ថ្ងៃបន្ទាប់។
គួររំលឹកថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ អារ៉ាប៊ីសាអូឌីត, បារ៉ែន, អេមីរ៉ាត់ អារ៉ាប់រួម និងអេហ្ស៊ីប បានប្រកាសផ្ដាច់ចំណងការទូតជាមួយកាតាដោយចោទថា ទីក្រុងដូហា បានផ្ដល់ហិរញ្ញវត្ថុដល់ក្រុមភេរវករនៅក្នុងតំបន់ ព្រមទាំងបង្ហាញការគំាទ្រដល់អ៊ីរ៉ង់។ ប្រទេសអារ៉ាប់ទាំង០៤ បានដាក់សំណើចំនួន ១៣ ឱ្យកាតាអនុវត្តន៍តាមដើម្បីផ្សះផ្សាឡើងវិញ ប៉ុន្តែកាតាបានច្រានចោលរាល់សំណើ ទាំងអស់នេះដោយសំអាងថា វារំលោភលើអធិបតេយ្យភាពរបស់ខ្លួន៕