(វ៉ាស៊ីនតោន)៖ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសាធារណៈមតិទាំងជាតិ និងអន្តរជាតិ នៅទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបញ្ចប់គោលនយោបាយបំបែកបំបាក់កុមារ ចេញពីឪពុកម្ដាយរបស់ពួកគេដែលត្រួវ បានអាជ្ញាធរអាមេរិកចាប់ខ្លួន ពីបទឆ្លងដែនខុសច្បាប់ចូលសហរដ្ឋអាមេរិកពីម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់នៅក្នុងពិធីចុះហត្ថលេខានៅថ្ងៃពុធសប្ដាហ៍នេះ យ៉ាងដូច្នេះថា «វាគឺជារក្សាគ្រួសារឱ្យនៅជុំគ្នាហើយ ជាការពិតខ្ញុំមិនចង់ឃើញគ្រួសារបែកបាក់គ្នានោះទេ។ ប៉ុន្តែយើងនឹងបន្តគោលនយោបាយគ្មានការអត់ធ្មត់ ប្រឆាំងនឹងជនទាំងឡាយ ណាដែលឆ្លងព្រំដែនដោយខុសច្បាប់ ចូលមកក្នុងសហរដ្ឋអាមេរិក»។
ទោះបីជាយ៉ាងនេះក្ដី ភ្លាមៗគេមិនទាន់ដឹងច្បាស់ថា បទបញ្ជារបស់លោក ត្រាំ នឹងត្រូវអនុវត្តន៍នៅពេលណានោះទេ។ ម្យ៉ាងវិញទៀត ការឃុំខ្លួនកុមារ និងឪពុកម្ដាយជាជនអន្តោប្រវេសន៍ខុសច្បាប់រួមគ្នា ធ្វើឡើងតែក្នុងករណីមានការព្រួយបារម្ភ ពីសុខាមាលភាពរបស់កុមារតែប៉ុណ្ណោះ ហើយគេក៏មិនដឹងថា វានឹងមានរយៈពេលយូរប៉ុណ្ណាដែរ៕