(ម៉ូស្គូ)៖ ក្រុមបាល់ទាត់មកពីតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្កាយ នឹងត្រូវជួបក្រុមអាស៊ី អារ៉ាប៊ីសាអូឌីត នាម៉ោង ១០យប់នេះនៅ World Cup 2018 ជាមួយនឹងប្រវត្តិធ្លាប់ជួបគ្នា ២ដងក្នុងមិត្តភាពអន្តរជាតិនាពេលកន្លងមកគិតចាប់ តាំងពីឆ្នាំ២០០២មក។
អតីតម្ចាស់ជើងឯក World Cup ពីរសម័យកាល (ឆ្នាំ១៩៣០ និងឆ្នាំ១៩៥០) អ៊ុយរ៉ាហ្កាយ មិនទាន់លេងឈ្នះអារ៉ាប៊ីសាអូឌីតនោះទេ ក្នុងចំណោមពីរប្រកួតដែលជួបគ្នាស្មើគ្នាមួយលើក ១-១ កាលពីឆ្នាំ២០១៤ និងចាញ់មួយលើកដោយលទ្ធផល ៣-២ ក្នុងមិត្តភាពអន្តរជាតិនាឆ្នាំ២០០២។
ទោះជាយ៉ាងណាក៏ដោយ ៣ពិន្ទុរាត្រីនេះសំខាន់ខ្លាំងណាស់សម្រាប់អ៊ុយរ៉ាហ្កាយ ក្រុមដែលកំពុងឈរនៅលេខ២ ប្រចាំពូល A ស្របពេលម្ចាស់ផ្ទះរុស្ស៊ីបានកក់កៅអី១ ដើម្បីឡើងទៅវគ្គ ១៦ក្រុមមុនគេហើយ ក្រោយបំបាក់អេហ្ស៊ីប ៣-១ យប់មិញក្នុងការប្រកួតលើកទី២របស់ពួកគេ។
ក្រុមដែលមានកីឡាករសំខាន់ Diego Godin, Edinson Cavani និង Luis Suarez ត្រូវបានគេទស្សន៍ទាយទុកថា នឹងឡើងទៅវគ្គចាញ់ធ្លាក់ជាមួយរុស្ស៊ីផងដែរ មុនពេលក្រុមទាំងពីរជួបគ្នានៅថ្ងៃទី២៥ ខែមិថុនា បិទបញ្ចប់ប្រកួតជម្រុះ សន្សំពិន្ទុក្នុងពូល A ខណៈអារ៉ាប៊ីសាអូឌីត ដែលឈរនៅលេខ៣ និងក្រុមហាលអាវមុនគេអេហ្ស៊ីប សុទ្ធតែគ្មានពិន្ទុ រាប់នៅឡើយដូចគ្នាឈរបាតតារាង៕