(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃពុធនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការខកចិត្តចំពោះសហរដ្ឋអាមេរិក ដែលបានប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី នីកគី ហាឡេយ (Nikki Haley) បានប្រកាសពីការដកសហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដោយសារតែការលម្អៀងរបស់ស្ថាប័នមួយនេះ ប្រឆាំងនឹងអ៊ីស្រាអែល។ ប៉ុន្តែការប្រកាសនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស UN ចេញមុខថ្កោលទោសចំពោះគោលនយោបាយ គ្មានត្រាប្រណីលើជនអន្តោប្រវេសន៍មកពីមិចស៊ីកូ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា ក្រៅពីការសម្តែងការសោកស្តាយ ចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជែង ហ្ស័ង (Geng Shuang) ក៏បានសង្កត់ធ្ងន់ទៀតថា «ប្រទេសចិនមានឆន្ទៈក្នុងការបន្តការងារ ជាមួយដៃគូពាក់ព័ន្ធដទៃទៀត ដើម្បីជាការផ្តល់នូវសំឡេងដើម្បីការអភិវឌ្ឍផ្នែកសិទ្ធិមនុស្សរបស់អន្តរជាតិ ដោយយោងទៅលើកិច្ចសន្ទនា និងការសហការគ្នាប្រកបដោយលក្ខណៈស្ថាបនា»៕