(ម៉ូស្គូ)៖ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះនោះ បានដំណើរដល់ជុំទី២ ដោយមាន៣គូពិសេសជាបន្តសម្រាប់ថ្ងៃពុធទី២០ ខែមិថុនា រួមមាន ព័រទុយហ្គាល់ ត្រូវប៉ះម៉ារ៉ុក មុនពេលអេស្ប៉ាញ ត្រូវជួបអ៊ឺរ៉ង់ និងអ៊ុយរូហ្គាយ នឹងប៉ះអារ៉ាប៊ីសាអូឌីត។
អតីតក្រុមជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ព័រទុយហ្គាល់ នឹងត្រូវចាប់ផ្តើមប្រកួតដំបូងក្បាលព្រលប់ម៉ោង ៧យប់នេះ ដោយប៉ះក្រុមមកពីទ្វីបអាហ្រ្វិក ម៉ារ៉ុក ក្នុងនាមក្រុមដែលមានកីឡាករឆ្នើមពិភពលោក Cristiano Ronaldo ទើបរកបាន១ពិន្ទុនៅឡើយ ក្រោយប្រកួតបានស្មើគ្នា ៣-៣ កាលពីថ្ងៃបើកឆាកនៃពូល B មុនពេលអតីតក្រុមជើងឯក World Cup 2010 អេស្ប៉ាញ នឹងត្រូវជួបក្រុមកំពូលតារាងអ៊ីរ៉ង់ នៅម៉ោង ១រំលងអាធ្រាត្រ។
យ៉ាងណាមិញ អ៊ុយរូហ្គាយ នឹងត្រូវបានប្រកួតបញ្ចប់ជុំទី២ ប្រចាំពូល A រាត្រីម៉ោង១០យប់ ក្រោយពេលរុស្ស៊ីបានកក់ កៅអីឡើងទៅវគ្គ១៦ក្រុម រួចរាល់ហើយ ក្រោយបន្តបំបាក់ក្រុមមកពីទ្វីបអាហ្រ្វិក អេហ្ស៊ីប ដោយលទ្ធផល ៣-១ ដើម្បី ឡើងទៅលេខ១ ក្នុងពូល A មាន៦ពិន្ទុ និងស៊ុតបញ្ចូលទីគូប្រកួតបាន ៨គ្រាប់ និងរបូតវិញតែ១គ្រាប់ប៉ុណ្ណោះ៕