(ស្វីស)៖ ការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសស្វីស បានចេញដីកាជាតិចាប់ខ្លួនសម្រាប់អ្នកការទូតតួកគីពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទចាប់ជំរិតពាណិជ្ជករជនជាតិស្វីសម្នាក់នៅក្នុងប្រទេសតួកគី។ អភ័យឯកសិទ្ធិការទូតមិនត្រូវបានអនុវត្តន៍ ចំពោះបុគ្គលដែលត្រូវបានគេចោទប្រកាន់ពីបទចារកម្មផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Swissinfo នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។
នៅពេលមានហេតុការណ៍កើតឡើង បុរសទាំងពីរនាក់នេះបានធ្វើការនៅស្ថានទូតតួកគីនៅទីក្រុង Bern។ បុរសម្នាក់ធ្វើការជាអ្នកកាសែត ហើយម្នាក់ទៀតជាលេខាធិការស្ថានទូត ហើយបុរសទាំងពីរខាងលើ លែងរស់នៅក្នុងប្រទេសស្វីសទៀតហើយ។
ដំណើរការនីតិវិធីព្រហ្មទណ្ឌ ប្រឆាំងនឹងអ្នកការទូតពីរនាក់ បានបន្តចាប់តាំងពីខែមីនា ឆ្នាំ ២០១៧ ដោយក្រសួងការបរទេសបាននិយាយកាលពីបីខែមុនថា ពួកគេនឹងមិនត្រូវបានផ្តល់អភ័យឯកសិទ្ធិការទូតនោះទេដោយសារការវិនិច្ឆ័យថា បទឧក្រិដ្ឋទាំងនោះមិនស្ថិតនៅក្នុងព្រំដែន នៃភារកិច្ចរបស់ការទូតនោះឡើយ។
ក្រុមអ្នកការទូតត្រូវបានគេចោទប្រកាន់ជាពិសេស ពីការប្រមូលផ្តុំការស៊ើបការណ៍សម្ងាត់នយោបាយសម្រាប់រដ្ឋមួយផ្សេងទៀត និងបានព្យាយាមចាប់ជំរិតពាណិជ្ជករជនជាតិស្វីសម្នាក់ ដែលរស់នៅតួកគី។ បុរសដែលជាជនជាតិស្វីសនោះ ត្រូវបានគេសន្មតថា ជាអ្នកគាំទ្រចលនាហ្គូលឡិន ដែលរបបតួកគីនិយាយថា ជាអ្នកទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលបានធ្វើឡើងនៅក្នុងខែកក្កដា ឆ្នាំ២០១៦ ហើយការចាប់ជំរិតត្រូវបានគេប៉ុនប៉ង មួយខែបន្ទាប់ពីរដ្ឋប្រហារ។
គួរបញ្ជាក់ថា ភ្នាក់ងារព័ត៌មានស្វីសបាននិយាយកាលពីថ្ងៃចន្ទថា មន្រ្តីស្វីសបានបញ្ជាក់យ៉ាងច្បាស់ដល់អ្នកតំណាងតួកគីថា សកម្មភាពស៊ើបការណ៍សម្ងាត់ប្រឆាំងនឹងក្រុមជនអន្តោប្រវេសន៍តួកគីនៅក្នុងប្រទេសស្វីសបែបនេះ គឺមិនអាចទទួលយកបានទេ៕
ប្រភព៖ Swissinfo