News Update: កងទ័ពអាហ្វហ្គានីស្ថាន ស្លាប់កើនដល់៤៥នាក់ ខណៈក្រុមតាលីបង់ស្លាប់១៦នាក់ ក្នុងការវាយឆ្មក់ពីរទីតាំង!
20-06-2018 16:35
(កាប៊ុល)៖ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន កើនដល់យ៉ាងតិច ៤៥នាក់ រួមទាំងសមាជិកក្រុមសកម្មប្រយុទ្ធ ១៦នាក់ បានបាត់បង់ជីវិតបន្ទាប់ពីពួកឧទ្ទាមតាលីបង់ បានបើកការវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យ នៅក្នុងខេត្តភាគខាងលិចចំនួនពីរ នៃប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។
ក្នុងការវាយប្រហារមួយករណីនៅស្រុក បាឡា ម៉ឺហ្គាប់ (Bala Murghab) នៃខេត្ត បាដហ្គីស (Badghis) ភាគខាងលិច កងទ័ពអាហ្វហ្គានីស្ថាន ៣០នាក់ បានបាត់បង់ជីវិត ក្រោយពីក្រុមតាលីបង់ បានសម្រុកវាយឆ្មក់លើប៉ុស្តិ៍ត្រួតពិនិត្យពីរកន្លែង។ ចំណែកនៅខេត្ត ហ្វារ៉ាហ៍ (Farah) ដែលនៅជាប់គ្នាវិញ មន្រ្តីប៉ូលិសយ៉ាងតិច ១៥នាក់ បានស្លាប់ នៅក្នុងករណីវាយប្រហារស្រដៀងគ្នាចំនួនពីរករណី នៅស្រុក ហ្ស៊ូវ៉ាន (Juwayn) និង ហ្វារ៉ាហ៍ រ៉ូដ (Farah Road)។
គួរជម្រាបថា នៅក្នុងការប៉ះទង្គិចគ្នាដ៏ក្តៅគគុកនេះ ដែលបានកើតមានឡើង ក្រោយបទឈប់បាញ់អស់សុពលភាព ពួកតាលីបង់ ១៦នាក់ក៏បានស្លាប់ហើយប្រហែល ១៥នាក់ទៀតក៏បានរងរបួសផងដែរ៕