យន្តហោះចម្បាំងអ៊ីស្រាអែល «បើកប្រតិបត្តិការសងសឹក» ដោយទម្លាក់គ្រាប់បែក ស្រោចលើតំបន់ហ្គាហ្សា!
20-06-2018 15:44
(ហ្គាហ្សា)៖ យន្ដហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងទីតាំងជាច្រើនកន្លែងរបស់ក្រុមសកម្ម ប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីពួកគេបាញ់គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ ចូលទឹកដីអ៊ីស្រាអែល។ នេះបើតាមប្រភពពីក្រសួងការពារជាតិអ៊ីស្រាអែល ដកស្រង់ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងការពារជាតិអ៊ីស្រាអែល បានឱ្យដឹងថា កងកម្លាំងទ័ពអាកាសរបស់ខ្លួន បានធ្វើការវាយប្រហារតាមផ្លូវអាកាស នៅព្រឹកថ្ងៃពុធនេះ លើគោលដៅ ២៥កន្លែង ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហាម៉ាស់ប៉ាឡេស្ទីន ជាការ ឆ្លើយតបនឹងក្រុមសកម្មប្រយុទ្ធមួយនេះ ដែលបានបាញ់គ្រាប់រ៉ុក្កែត ៣០គ្រាប់ ចូលទឹកដីអ៊ីស្រាអែល។ ប៉ុន្តែមកទល់ពេលនេះ ពុំទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត និងជនរងគ្រោះខាងភាគីអ៊ីស្រាអែលនៅឡើយទេ ខណៈសមាជិកក្រុមហាម៉ាស់ពីរនាក់ រងរបួសស្រាល។
គួរជម្រាបថា ការវាយប្រហារតាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែល កើតមានឡើងប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីការប្រឈមមុខដាក់គ្នា ដោយបង្ហូរឈាមរវាងបាតុករប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែលនៅឯតំបន់ហ្កាហ្សា។ មួយវិញទៀត នៅក្នុងអំពើហិង្សាដែលផ្ទុះឡើង ចាប់តាំងពីខែមីនា ដោយសារតែការប្រកាស ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែលពីសំណាក់ទីក្រុងវ៉ាស៊ីនតោនមក ដែល បានបណ្ដាលឱ្យបាតុករប៉ាឡេស្ទីនច្រើនជាង ១២៤នាក់ បាត់បង់ជីវិតក្រោមគ្រាប់កាំភ្លើងទាហានអ៊ីស្រាអែល៕