(កាប៊ុល)៖ ក្រុមឧទ្ទាមតាលីបង់បានផ្តាច់ជីវិត កងកម្លាំងសន្តិសុខចំនួន ៣០នាក់ នៅក្នុងសកម្មភាពឆ្មក់វាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យពីរកន្លែង នៅខេត្ត បាដហ្គីស (Badghis) ភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន ដែលនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំលើកទីមួយ របស់ក្រុមសកម្មប្រយុទ្ធនេះ ចាប់តាំងតែពីបទឈប់បាញ់ អេដ ទ្រូស (Eid Truce) បានបញ្ចប់ទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។
ក្រុមតាលីបង់បានប្រកាសបទឈប់បាញ់រយៈពេល ០៣ថ្ងៃ សម្រាប់ទិវាឈប់សម្រាកអ៊ីស្លាម អេដអាល់ហ្វីត (Eid al-Fitr) ក្រោយពីប្រធានាធិបតីអាហ្វហ្គានីស្ថានលោក អាស្រាហ្វ ហ្គានី (Ashraf Ghani) កាលពីថ្ងៃទី០៧ ខែមិថុនា បានប្រកាសបទឈប់បាញ់ជាឯកតោភាគី សម្រាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមិថុនា ដើម្បីជាសញ្ញានៃការបញ្ចប់ខែបួសរ៉ាម៉ាឌនរបស់សាសនិកអ៊ីស្លាម។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមតាលីបង់បានប្រកាសថា ពួកគេនឹងត្រឡប់មកបន្តធ្វើការវាយប្រហារ លើកងកម្លាំងរដ្ឋាភិបាលវិញ ទោះបីជាលោក Ghani បានពន្យារពេលបទឈប់បាញ់របស់រដ្ឋាភិបាលតែម្ខាង សម្រាប់រយៈពេល១០ថ្ងៃទៀតក៏ដោយ៕