(ប៉េកាំង)៖ លោក គីម ជុងអ៊ុន បានប្រកាសជាថ្មីម្តងទៀតអំពីមិត្តភាព ក៏ដូចជាសាមគ្គីភាពនិងកិច្ចហសប្រតិបត្តិការដ៏រឹងមាំជាមួយទីក្រុងប៉េកាំង នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចរបស់លោកជាលើកទីបី មកកាន់ប្រទេសចិន ដែលវាអាចចាត់ទុកថាជាការសម្តែងឲ្យឃើញមួយពីភក្តីភាពចំពោះសម្ព័ន្ធមិត្តដ៏ធំរបស់លោកមួយនេះ នៅក្រោយជំនួបជាប្រវត្តិសាស្រ្តជាមួយប្រធានាធិបតីអាមេរិក កាលពីសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃខាងលើ ដែលនឹងបញ្ចប់នៅថ្ងៃពុធនេះ ត្រូវបានរៀបចំឡើងក្រោមគោលបំណង ផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលទីក្រុងប៉េកាំងថា ទីក្រុងព្យុងយ៉ាងនឹងមិនបោះបង់ចោលផលប្រយោជន៍របស់ចិននោះឡើយ ទោះបីជាលោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន កំពុងឆ្ពោះទៅរកភាពប្រសើរឡើងនៃផ្នែកការទូតក៏ដោយក្តី។ ដំណើរទស្សនកិច្ចនេះ ក៏អាចចាត់ទុកថាជាការព្យាយាមរក្សាតុល្យភាពរបស់លោក គីម ផងដែរ ដោយលោក គីម ត្រូវក្រុមអ្នកវិភាគមើលឃើញថា កំពុងព្យាយាមស៊ីសងផលប្រយោជន៍អាមេរិកនិងចិន ហើយស្របពេលជាមួយគ្នារក្សាទំនាក់ទំនងល្អជាមួយទីក្រុងប៉េកាំង ដែលជាខ្នងបង្អែកសេដ្ឋកិច្ចនិងជាអ្នកការពារផ្នែកការទូតដ៏ធំរបស់ខ្លួន។
នៅក្នុងដំណើរទស្សនកិច្ចនៅចិនលើកនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា លោក គីម ជុងអ៊ុន បានបង្ហាញពីការប្តេជ្ញាចិត្តនិងឆន្ទៈ ដើម្បីបន្តអភិវឌ្ឍន៍ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិដ៏ជិតស្និទ្ធរវាងប្រជាជននិងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើងទៅមុខថែមទៀត។ សម្រាប់លោក ស៊ី ជិនពីង បានប្រាប់លោក គីម វិញថា ចិនមានការកោតស្ញប់ស្ញែងជាខ្លាំង ចំពោះកិច្ចប្រជុំកំពូលរបស់លោកជាមួយលោក ត្រាំ ហើយលោក ស៊ី បានទទូចឲ្យទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង អនុវត្តន៍កិច្ចព្រមព្រៀងរបស់ខ្លួន ដែលបានធ្វើឡើងនៅសិង្ហបុរី។ លោក ស៊ី បានបញ្ជាក់ថា ចិននឹងនៅតែបន្តដើរតួនាទីស្ថាបនាយ៉ាងសំខាន់ ក្នុងបញ្ហាការទូតនុយក្លេអ៊ែរនេះ។
គួរជម្រាបថា ទាំងចិននិងសហរដ្ឋអាមេរិក សុទ្ធតែមានក្តីសង្ឃឹមថាឧបទ្វីបកូរ៉េនឹងលែងមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែទីក្រុងប៉េកាំងមានក្តីកង្វល់ថា ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង ប្រហែលជាអាចឆ្ពោះទៅរកភាពជិតស្និទ្ធនឹងគ្នា ដោយវាគឺជាលទ្ធភាពមួយដែលចិនមើលឃើញថាជាការគំរាមកំហែងចំពោះសេដ្ឋកិច្ចនិងផលប្រយោជន៍នៅក្នុងតំបន់របស់ខ្លួន។
ម៉្យាងវិញទៀត ទោះបីជានៅឯកិច្ចប្រជុំកំពូលថ្ងៃទី១២ ខែមិថុនា ចិនមិនបានមានវត្តមានក៏ដោយក្តី ទីក្រុងប៉េកាំងបានឲ្យយន្តហោះរបស់ខ្លួនជូនលោក គីម ជុងអ៊ុន ដើម្បីធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយវាគឺជាសញ្ញាយ៉ាងច្បាស់មួយ បង្ហាញថាចិននៅតែជាកម្លាំងចលករដ៏មានឥទ្ធិពលនៅក្នុងល្បែងការទូតនេះដដែល។ ជាមួយគ្នានេះ សម្ព័ន្ធមិត្តទាំងពីរ ក៏បាននិងកំពុងព្យាយាមផ្សះផ្សាទំនាក់ទំនងដែលបានជួបបញ្ហា ដោយសារការធ្វើតេស្តនុយក្លេអ៊ែរ-មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង និងការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលដាក់ទៅលើកូរ៉េខាងជើងផងដែរ៕