(ម៉ូស្គូ)៖ អតីតនាយក​រដ្ឋមន្ត្រី​​ស៊ុយអែត លោក ខាល ប៊ីលត៍ (Carl Bildt) បានសម្ដែងការមិនពិត​ចិត្តជាខ្លាំង ទៅនឹងការបង្ហោះ​សាររិះគន់ជាបន្តបន្ទាប់ ប្រឆំាងនឹងអឺរ៉ុប​របស់លោក ដូណាល់ ត្រាំ ដោយចាត់ទុកថា ប្រធានាធិបតី​អាមេរិក​រូបនេះ គឺអាក្រក់ជាង​ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន ទៅទៀតក្នុង​បង្កអស្ថេរភាព​ដល់​អឺរ៉ុប។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik ​នៅរសៀលថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅ​លើ Twitter រិះគន់បណ្ដាប្រទេស​អឺរ៉ុបមួយចំនួន ជាពិសេសគឺ​អាល្លឺម៉ង់នា​ពេលថ្មីៗ​នេះ លោក ដូណាល់ ត្រាំ បាន​ចាត់​ទុកថា គោលនយោបាយ​អន្តោប្រវេសន៍អឺរ៉ុប បច្ចុប្បន្នគឺជាគ្រោះ​មហន្តរាយ​មួយ។ ប៉ុន្តែជា​ការឆ្លើយតប លោក Bildt បានលើកឡើង​នៅលើ Twitter យ៉ាងដូច្នេះថា «និយាយពីរឿងបង្កអស្ថេរភាព​ដល់អឺរ៉ុប គេតែងតែសំដៅ​ទៅលើលោក ពូទី ប៉ុន្តែនៅពេលនេះ​លោក ដូណាល់ ត្រាំ គឺអាក្រក់ខ្លាំងជាងប្រធានាធិបតី​​រុស្ស៊ីទៅទៀត ​ក្នុងបង្កអស្ថេរភាព​​ដល់អឺរ៉ុប»

គួរជម្រាបថា ប្រតិកម្មរបស់​លោក Carl Bildt កើតមានឡើង​បន្ទាប់ពី​លោក ដូណាល់ ត្រាំ បានបង្ហោះ​សារលើ Twitter កាលពី​ប៉ុន្មានថ្ងៃមុនថា បទឧក្រិដ្ឋនៅក្នុង​ប្រទេសអាល្លឺម៉ង់ កំពុងមាន​ការកើនឡើង ហើយថា​ការអនុញ្ញាតឱ្យជនភៀសខ្លួន​រាប់លាននាក់ ចូលក្នុងអឺរ៉ុប​គឺជាកំហុសឆ្គង​មួយដ៏ធំ៕