(យូអិន)៖ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានអំពាវនាវឱ្យ​សហរដ្ឋអាមេរិក​ បន្តស្ថិតនៅជាសមាជិក​នៃក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN បន្ទាប់ទីក្រុង​វ៉ាស៊ីនតោនប្រកាសដកខ្លួន​ចេញពីស្ថាប័នមួយនេះ​ ដែលមានស្នាក់ការ​នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ នេះបើតាម​អ្នកនាំពាក្យ​លោក Guterres ដកស្រង់ដោយ​សារព័ត៌មាន​បារាំង Le Figaro នៅរសៀលថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។

ការដកសហរដ្ឋអាមេរិក​ចេញពីក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ដែលមានសមាជិកចំនួន ៤៧ ត្រូវបានប្រកាស​ដោយ​លោកស្រី នីកគី ហាឡេយ៍ (Nikki Haley) នៅថ្ងៃអង្គារ​សប្ដាហ៍​នេះ ដោយ​លោកស្រី​ចោទប្រកាន់​ត្រង់ៗថា ស្ថាប័នមួយនេះមាន​ភាពលម្អៀង ពុតត្បត់ និងបម្រើតែ​ផលប្រយោជន៍ខ្លួនឯង។ ប៉ុន្តែ​ជុំវិញបញ្ហានេះដែរ នៅក្នុងសេចក្ដីថ្លែងការណ៍​របស់អ្នកនាំពាក្យ​​លោក Guterres គឺលោក ស្ទេហ្វិន ឌូហ្សារិច (Stephane Dujarric) បានឱ្យដឹងថា លោក​អគ្គលេខាធិការ UN បានអំពាវនាវ​ឱ្យសហរដ្ឋអាមេរិក​បន្តស្ថិតនៅជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ដោយសារតែ​ស្ថាប័នមួយនេះ បានដើរតួយ៉ាងសំខាន់​ក្នុងការលើកកម្ពស់​សិទ្ធិមនុស្ស នៅលើ​ពិភពលោក។

ចំណែកឯ អង្គការឃ្លាំងមើល​សិទ្ធិមនុស្ស Human Rights Watch ក៏បាន​សម្ដែង​​ការសោកស្ដាយ ចំពោះការប្រកាសដកខ្លួន​របស់​ទីក្រុងវ៉ាស៊ីនតោន​នេះដែរ ដោយបញ្ជាក់ថា ការដកខ្លួននេះ​នឹងធ្វើឱ្យ​សហរដ្ឋអាមេរិក ស្ថិតនៅខាងក្រៅ​គំនិតផ្ដួចផ្ដើម​ការពារសិទ្ធិ​មនុស្ស នៅលើ​ពិភពលោក។

គួរបញ្ជាក់ថា ការប្រកាសរបស់​លោកស្រី Nikki Haley ធ្វើឡើងតែមួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស UN លោក Zeid Ra'ad Al Hussein បានចេញមុខថ្កោលទោល ចំពោះគោលនយោបាយគ្មាន​ត្រាប្រណីលើជនអន្តោប្រវេសន៍ មកពីមិចស៊ីកូរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបំបែក​បំបាក់កុមារជាង ២,០០០នាក់ ចេញពីឪពុកម្ដាយ របស់ពួកគេ​ដែលត្រូវបាន​អាជ្ញាធរអាមេរិក​ចាប់ឃុំខ្លួន។

តែយ៉ាងណា​ក៏ដោយ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអរគុណ​សហរដ្ឋអាមេរិកយ៉ាង​ខ្លាំងចំពោះ ការប្រកាសដក​ខ្លួននេះ។ មួយវិញទៀត គិតចាប់តាំង​ពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជា​ប្រធានាធិបតី​អាមេរិកមក សហរដ្ឋអាមេរិកក៏បានប្រកាស​ដកខ្លួនចេញពី​អង្គការ Unesco កិច្ចព្រមព្រៀង​ស្ដីពីបម្រែបម្រូលអាកាសធាតុ​ទីក្រុងប៉ារីស ព្រមទាំងកិច្ច​ព្រមព្រៀង ពាណិជ្ជកម្ម TTP និងកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​ផងដែរ៕