(ស៊ីដនី)៖ វិទ្យាស្ថានស្រាវជ្រាវផ្នែកនយោបាយ Lowy Institute នៃប្រទេសអូស្រ្តាលី បានឲ្យដឹងថា ជំនឿទុកចិត្តទៅលើសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់កម្រិតបាតក្រោមបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តនៃការស្ទង់មតិរបស់ខ្លួននោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។
ស្ថានប័នវិភាគឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី បានបញ្ជាក់ថា ប្រជាជនអូស្រ្តាលីភាគច្រើន មានទំនុកចិត្តតិចតួចស្តួចស្តើងបំផុត ទៅលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បើតាមការស្ទង់មតិរបស់ខ្លួន។ បើតាមវិទ្យាស្ថានដដែលនេះ ជាង៥០ភាគរយនៃអ្នកចូលរួមស្ទង់មតិ មានការយល់ឃើញថា ចិនឯណោះទៅវិញទេ គឺជាមហាអំណាចសេដ្ឋកិច្ចឈានមុខគេ ហើយពួកគេស្វាគមន៍ដោយរីករាយ ដើម្បីមានចិនធ្វើជាដៃគូសេដ្ឋកិច្ចរបស់អូស្រ្តាលី។
ជាមួយគ្នានេះ យោងតាមលទ្ធផលស្ទង់មតិដដែល កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងអំពើភេរវកម្ម ត្រូវបានចាត់ទុកថាការគំរាមកំហែងដ៏ធំមួយ ចំពោះផលប្រយោជន៍ស្នូលរបស់អូស្រ្តាលី នាពេលនេះនិងនៅពេលអនាគត៕