(ហ្សាការតា)៖ ទីភ្នាក់ងារស្វែងរក និងជួយសង្រ្គោះឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនមនុស្សបាត់ខ្លួនបន្ទាប់ពីទូកដឹក អ្នកដំណើរមួយគ្រឿងក្រឡាប់លិចនៅឯបឹង តូបា (Toba) ស្ថិតក្នុងខេត្តស៊ូម៉ាត្រាខាងជើង នៃភាគខាងលិចប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទ បានកើនដល់ ១៨០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។
មន្ត្រីជួយសង្រ្គោះម្នាក់បានបា្រប់ Reuters យ៉ាងដូច្នេះថា «ផ្អែកលើព័ត៌មានដែលយើងទទួលបាន មនុស្សយ៉ាងហោចណាស់ ១៨០នាក់ បានបាត់ខ្លួន ខណៈយើងកំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរក»។ មន្ត្រីនេះដដែល បន្ថែមថា មនុស្ស ១៨នាក់ ត្រូវបានជួយសង្រ្គោះ ហើយសាកសពមនុស្សពីរនាក់ត្រូវគេស្រង់ចេញពីទឹក។ ប៉ុន្តែ មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃគ្រោះថ្នាក់ និង ចំនួនអ្នកដំណើរជិះនៅលើទូកដែលលិចនោះទេ ដោយគ្រាន់តែគេដឹងថា ទូកនេះអាចផ្ទុកមនុស្សត្រឹម ៦០នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីដំបូងឡើយអាជ្ញាធរឥណ្ឌូណេស៊ីបានអះអាងថា មនុស្ស ១២៨នាក់បានបាត់ខ្លួន នៅក្នុងហេតុការណ៍លិចទូកខាងលើ ដែលបានធ្វើដំណើរចាកចេញពីកំពង់ផែ ស៊ីម៉ានីនដូ (Simanindo) ក្នុងស្រុក សាម៉ូស៊ឺ (Samosir) ឆ្ពោះទៅកាន់តំបន់ ទីហ្គារ៉ាស ផារ៉ាផាត (Tigaras Parapat) នៃស្រុក ស៊ីម៉ាឡាំងហ្គាន់ (Simalungun)៕