អង្គការ NASA អង្កេតឃើញថា ដុំថ្មអវកាសតូចមួយបានធ្លាក់លើភពអង្គារ កាលពីមួយទសវត្សរ៍មុន!
20-06-2018 11:01
(អាមេរិក)៖ អង្គការ NASA បានឲ្យដឹងនាពេលថ្មីៗនេះថា ដុំថ្មអវកាសតូចមួយ បានធ្លាក់ទៅបុកចំភពអង្គារ (Mars) កាលពីមួយទសវត្សរ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។
នាពេលថ្មីៗនេះ NASA បានបញ្ចេញរូបភាពបង្ហាញពីរណ្តៅថ្មីមួយ ត្រូវបានប្រទះឃើញដោយផ្កាយរណបនៅភពអង្គារ MRO ដែលទំនងជាកកើតឡើងចេញពីការប៉ះទង្គិចរបស់អាចម៍ផ្កាយ នៅក្នុងអំឡុងពេល ១០ឆ្នាំមុន។ បើតាមទីភ្នាក់ងារអវកាស NASA រណ្តៅអាចម៍ផ្កាយនេះមានមុខកាត់តូចល្មមគឺត្រឹម ០៥ម៉ែត្រ ប៉ុណ្ណោះ។
គួរជម្រាបថា រណ្តៅខាងលើមានទំហំតូចមែន ប៉ុន្តែស្លាកស្នាមដ៏ទៃទៀត ដែលអាចម៍ផ្កាយនោះ បានបន្សល់ទុកគឺមានទំហំធំខ្លាំង។ នៅពេលអាចម៍ផ្កាយដែលបង្កជារណ្តៅនេះ បានទៅបុកចំផ្ទៃភពអង្គារវាបានធ្វើឲ្យទីជម្រាលដែលវាបុកបាត់បង់ស្ថិរភាព ហើយបង្កជារលកធូលី ដី និងខ្សាច់ធ្លាក់ចុះពីទីជម្រាលនោះ។ ព្រឹត្តិការណ៍បែបនេះ បានបន្សល់ទុកនូវស្នាមឆ្នូតពណ៌ខ្មៅ នៅពេញផ្ទៃរបស់ភពអង្គារ៕