(ហ្សឺណែវ)៖ ឧត្ដមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្ស លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន (Zeid Ra'ad Al Hussein) បានថ្លែងស្រដៀងគ្នាថា ការសម្រេចចិត្តដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN របស់សហរដ្ឋអាមេរិក គឺជារឿងគួរឱ្យសោកស្ដាយ តែមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។
លោក Al Hussein បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នាយប់ថ្ងៃអង្គារ (ម៉ោងនៅទីក្រុងហ្សឺណែវ) យ៉ាងដូច្នេះថា «ផ្អែកលើស្ថានភាពសិទិ្ធមនុស្សនៅលើពិភពលោកសព្វថ្ងៃ សហរដ្ឋអាមេរិកគួរតែបោះជំហានទៅមុខ មិនគួរបោះជំហានថយក្រោយនោះទេ។ ចំណែកឯការសម្រេចចិត្តដកខ្លួន ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN របស់សហរដ្ឋអាមេរិក ក៏មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលដែរ តែវាគឺជារឿងមួយគួរឱ្យសោកស្ដាយ»។
គួរជម្រាបថា លោកស្រី នីកគី ហាឡេយ៍ (Nikki Haley) អគ្គរដ្ឋទូតអាមេរិកប្រចាំ UN នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសដកសហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដោយចោទថា ស្ថាប័នមួយនេះមានភាពលម្អៀង ពុតត្បត់ និងបម្រើតែផលប្រយោជន៍ខ្លួនឯង ព្រមទាំងអនុវត្តន៍ស្ដង់ដារពីរប្រឆាំងនឹងអ៊ីស្រាអែល។
បន្ថែមពីលើនេះ ការប្រកានេះទៀតសោត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស UN លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន (Zeid Ra'ad Al Hussein) បានចេញមុខថ្កោលទោល ចំពោះគោលនយោបាយគ្មានត្រាប្រណី លើជនអន្តោប្រវេសន៍ មកពីមិចស៊ីកូរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបំបែកបំបាក់កុមារជាង ២,០០០នាក់ ចេញពីឪពុកម្ដាយរបស់ពួកគេដែលត្រូវបានអាជ្ញាធរអាមេរិកចាប់ឃុំខ្លួន៕