(ម៉ូស្គូ)៖ នាយកអង្គការហាមឃាត់អាវុធគីម (OPCW) លោក អាហ៍ម៉េដ យូហ្ស៊ុមគូ (Ahmet Uzumcu) បាននិយាយថា អង្គការមួយនេះមានបច្ចេកទេសច្បាស់លាស់បំផុត ក្នុងការស៊ើបអង្កេតស្វែងរកអាវុធគីមី ដែលត្រូវបានប្រើប្រាស់នៅក្នុងទីក្រុងឌួម៉ា ប្រទេសស៊ីរី កាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។
លោក Uzumcu ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik នៅថ្ងៃអង្គារសប្ដាហ៍នេះ និងបន្ទាប់ពីទីក្រុងម៉ូស្គូរិះគន់ថា បេសកកម្មរបស់ OPCW ធ្វើឡើងដោយរំលោភលើគោលការណ៍របស់ខ្លួនឯង។ លោក Uzumcu បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងពិតជាមានទំនុកចិត្តជាទីបំផុត លើបច្ចេកទេសធ្វើការរបស់យើង ក្នុងការដឹកនាំបេសកកម្មស្វែងរកការពិត (FFM) ហើយខ្ញុំមិនគិតទេថា មានអ្នកអាចជំទាស់នឹងការសន្និដ្ឋានរបស់ FFM ដែលអាចនឹងត្រូវចេញផ្សាយក្នុងពេលឆាប់ៗនេះ»។
គួរជម្រាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួងការបរទេសរុស្ស៊ីបានរិះគន់យ៉ាងខ្លាំងលើបេសកកម្ម FFM ដោយអះអាងថា វា បានរំលោភលើគោលការណ៍របស់ OPCW ដោយសារតែបេសកកម្មនេះ បានប្រមូលទិន្នន័យភាគច្រើនពីប្រភពមិនបញ្ជាក់ អត្តសញ្ញាណ ជាពិសេសពីអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធ៕