(ម៉ិចស៊ីកូ)៖ ម៉ិចស៊ីកូបានចេញមុខថ្កោលទោស គោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ដែលបំបែកបំបាក់កុមារចេញពីឪពុកម្តាយរបស់ពួកគេ ដែលលួចឆ្លងដែនខុសច្បាប់ថា ជាអំពើឃោរឃៅ និងអមនុស្សធម៌ជាខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។
រដ្ឋមន្រ្តីកិច្ចការបរទេសម៉ិចស៊ីកូលោក ល្វីស វីដេហ្គារ៉េយ៍ (Luis Videgaray) បានថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា «ជួសមុខឲ្យរដ្ឋាភិបាល និងប្រជាជនម៉ិចស៊ីកូទាំងមូល រូបខ្ញុំធ្វើការថ្កោលទោសចំពោះគោលនយោបាយមួយ ដែលឃោឃៅ និងអមនុស្សធម៌របស់អាមេរិក»។ ជាមួយគ្នានេះ លោកប្រមុខការទូតក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ពិចារណាឡើងវិញអំពីគោលនយោបាយនេះ ដែលបានបង្កឲ្យជនជាតិម៉ិចស៊ីកូ និងប្រជាជនមកពីតំបន់អាមេរិកកណ្តាលប្រមាណ ២,០០០គ្រួសារ ហើយព្រាត់ប្រាស់គ្នា ចាប់តាំងពីខែមេសាមក ខណៈវាកាន់តែតឹងរ៉ឹងថែមនាពេលថ្មីៗនេះ។
គួរជម្រាបថា បើតាមលោក Videgaray រដ្ឋាភិបាលម៉ិចស៊ីកូ បាននិងកំពុងព្យាយាមឲ្យសហរដ្ឋអាមេរិក គិតគូរឡើងវិញពីគោលនយោបាយនេះ ដោយរួមមានផងដែរនូវការពាំនាំ លិខិតមួយច្បាប់ជូនលោក ដូណាល់ ត្រាំ ដែលជាអ្នកបង្កើតគោលនយោបាយអន្តោប្រវេសន៍ ដែលពុំមានការយោគយល់នេះ រហូតបង្កទៅជាការចាត់វិធានការតឹងរ៉ឹងបំផុតមិនធ្លាប់មាន ទាក់ទិននឹងការបំបែកបំបាក់កុមារពីឪពុកម្តាយរបស់ពួកគេ ហើយដាក់ពួកគេឲ្យស្ថិតនៅក្នុងមន្ទីរឃុំឃាំងដាច់ដោយឡែកពីគ្នា៕