(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកពីររូបបានឱ្យដឹងថា កូរ៉េខាងជើងអាចនឹងចាប់ផ្ដើមនីតិវិធីប្រគល់អដ្ឋិធាតុទាហានអាមេរិក ដែលស្លាប់ចោលឆ្អឹងនៅក្នុងសង្រ្គាមកូរ៉េ ត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីតតោន នៅរយៈពេលពីរថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកទាំងពីររូបខាងលើបានប្រាប់ Reuters ថាកូរ៉េខាងជើងអាចនឹងប្រគល់ អដ្ឋិធាតុទាហានអាមេរិកទៅឱ្យទីបញ្ជាការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកូរ៉េខាងត្បូង មុននឹងអដ្ឋិធាតុទាំងនេះ ត្រូវបញ្ជូនបន្តទៅកាន់មូលដ្ឋានទ័ពអាកាស ហ៊ីកខាំ (Hickam) ក្នុងរដ្ឋហាវ៉ៃ។
ប៉ុន្តែព្រមពេលជាមួយគ្នា មន្ត្រីទាំងពីររូបនេះមិនបានបញ្ជាក់ពីចំនួនសាកសពឡើយ ដោយ គ្រាន់តែអះអាងថា អាចនឹងប្រើពេលជាច្រើនខែ ឬជាច្រើនឆ្នាំ ក្នុងការបញ្ជាក់អត្តសញ្ញាណ នៃសាកសព។
គួរជម្រាបថា បើតាមទិន្នន័យរបស់យោធាអាមេរិក ទាហានអាមេរិកច្រើនជាង ៣៦,៥០០នាក់ បានសម្លាប់នៅក្នុងសង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) រីឯកូរ៉េខាងជើងវិញមានអដ្ឋិធាតុកងទ័ពអាមេរិក ២០០នាក់ នៅក្នុងដៃ ហើយការប្រគល់អដ្ឋិធាតុទាហានអាមេរិកមួយចំនួនលើកចុងក្រោយ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០០៧ នៅពេលដែលអភិបាលរដ្ឋ ញូម៉ិចស៊ីកូ (New Mexico) លោក ប៊ៀល រីឆាដសុន (Bill Richardson) បំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង៕