(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី នីកគី ហាឡេយ (Nikki Haley) បានប្រកាសពីការដកសហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដោយសារតែការលម្អៀងរបស់ស្ថាប័នមួយនេះ ប្រឆាំងនឹងអ៊ីស្រាអែល។ ប៉ុន្តែ ការប្រកាសនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស UN ចេញមុខថ្កោលទោលចំពោះគោលនយោបាយគ្មានត្រា
ប្រណីលើជនអន្តោប្រវេសន៍មកពីមិចស៊ីកូ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NBC News នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។
ការប្រកាសដកសហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដែលមានសមាជិកចំនួន ៤៧ ត្រូវបានលោកស្រី Nikki Haley ព្រមានជាច្រើនដងរួចមកហើយ ដោយលោកស្រីបញ្ជាក់ថា ស្ថាប័នមួយនេះមានភាពលម្អៀង ពុតត្បត់ និងបម្រើតែផលប្រយោជន៍ខ្លួនឯង។
លោកស្រី Haley បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អស់រយៈពេលជាយូរណាស់មកហើយ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បានធ្វើ ជាអ្នកការពារអ្នករំលោភសិទ្ធិមនុស្ស និងមានភាពលម្អៀងផ្នែកនយោបាយ... ដូច្នេះស្ថាប័នមួយនេះ ចាំបាច់ត្រូវតែធ្វើកំណែទម្រង់ ដើម្បីធានាឱ្យសហរដ្ឋអាមេរិក បន្តស្ថិតនៅជាសមាជិកនៃស្ថាប័នមួយនេះ បើពុំដូច្នោះទេ សហរដ្ឋអាមេរិកនឹងប្រកាសដកខ្លួនចេញពី ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ជាផ្លូវការ»។
គួរបញ្ជាក់ថា ការប្រកាសរបស់លោកស្រី Nikki Haley ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស UN លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន (Zeid Ra'ad Al Hussein) បានចេញមុខថ្កោលទោល ចំពោះគោលនយោបាយគ្មានត្រាប្រណី លើជនអន្តោប្រវេសន៍ មកពីមិចស៊ីកូរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបំបែកបំបាក់កុមារជាង ២,០០០នាក់ ចេញពីឪពុកម្ដាយ របស់ពួកគេដែលត្រូវបានអាជ្ញាធរអាមេរិកចាប់ឃុំខ្លួន។ ប៉ុន្តែយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអរគុណសហរដ្ឋអាមេរិកយ៉ាងខ្លាំង ចំពោះការប្រកាសដកខ្លួននេះ៕