Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីចិន ជំរុញឱ្យអាមេរិក និងកូរ៉េខាងជើង អនុវត្តតាមកិច្ចព្រមព្រៀងនៅសិង្ហបុរី

20-06-2018 00:06

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃអង្គារនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង អនុវត្តតាមកិច្ចព្រម ព្រៀងដែលបានធ្វើឡើងនៅឯជំនួបកំពូលក្នុងប្រទេសសិង្ហបុរី កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

ការអំពាវនាវខាងលើរបស់ លោក ស៊ី ជិនពីង ធ្វើឡើងនៅក្នុងជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលកំពុង បំពេញដំណើរទស្សកិច្ចក្នុងទីក្រុងប៉េកាំង។ លោក ស៊ី និងលោក គីម បានចូលរួមក្នុងកិច្ចប្រជុំកំពូលមួយ នៅឯវិមានប្រជាជនចិនក្នុង ទីក្រុងប៉េកាំង បន្ទាប់ពីលោកស៊ី និងភរិយាគឺលោកស្រី Peng Liyuan បានទទួលស្វាគមន៍ដោយផ្ទាល់ការមកដល់របស់លោក គីម និងភរិយាគឺលោកស្រី Ri Sol-ju។ លោក គីម ជុងអ៊ុន ត្រូវបានសារព័ត៌មានរដ្ឋចិន CCTV ទទួលស្គាល់ថាបានធ្វើដំណើរមកដល់ ប្រទេសចិននៅព្រឹកថ្ងៃអង្គារនេះ ក្រោយសារព័ត៌មានជប៉ុន Nikkei រាយការណ៍ថា លោក គីម បានធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងប៉េកាំង ដោយជិះលើយន្ដហោះ An-148 របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo។

ម្យ៉ាងវិញទៀត នេះគឺជាដំណើរទស្សនកិច្ចជាលើកទី៣ក្នុងឆ្នាំ២០១៨នេះ របស់លោក គីម ជុងអ៊ុន មកកាន់ប្រទេសចិនក្រោយលោក បានជួបជាមួយលោក ស៊ី ជិនពីង នៅខែមីនា និងខែឧសភាកន្លងទៅ។ លោក គីម នឹងត្រូវស្នាក់ក្នុងប្រទេសចិន រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃពុធស្អែក ដើម្បីជួបពិភាក្សាការងារជាមួយលោក ស៊ី ជិនពីង ពាក់ព័ន្ធនឹងលទ្ធផលនៃកិច្ចប្រជុំកំពូល ជាមួយលោកត្រាំ នៅសិង្ហបុរី ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនៅពេលអនាគត៕