(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ នឹងត្រូវប៉ះក្រុមដែលបានបាត់មុខពី World Cup រយៈពេល ១៦ឆ្នាំ សេណេហ្គាល់ នាម៉ោង ១០យប់ថ្ងៃអង្គារ ទី១៩ ខែមិថុនានេះ ក្នុងការប្រកួតគូទី១៦ នៃព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ។
ក្រុមស្ថិតក្នុងអឺរ៉ុប ប៉ូឡូញ ដែលកំពុងឈរនៅលេខរៀងទី៨ នៃតារាងចំណាត់ថ្នាក់ពិភពលោក World FIFA Ranking នោះ នឹងត្រូវជួបក្រុមថ្មីដោយពុំធ្លាប់ជួបគ្នាពីមុនមកនោះទេ និងការវិលត្រឡប់មកវិញជាថ្មីរបស់ក្រុមជម្រើសជាតិមកពី ទ្វីបអាហ្រ្វិក សេណេហ្គាល់ ក្រោយខកខានអស់រយៈពេល ១៦ឆ្នាំមកនេះក្នុងនាមជាក្រុមមិនធ្លាប់ឈ្នះ និងរងជើងឯក World Cup ដូចគ្នា។
Robert Lewandowski ជាកីឡាករខ្សែប្រយុទ្ធសំខាន់ក្នុងក្រុមជម្រើសជាតិប៉ូឡូញ ដែលកំពុងលេងឲ្យក្លឹបអាជីព Bayern Munich របស់អាល្លឹម៉ង់ និងជាអ្នករកគ្រាប់បំប៉ោងសំណាញ់ទីបានច្រើនជាងគេផងដែរ ក្នុងវគ្គជម្រុះ World Cup 2018 ប្រចាំតំបន់អឺរ៉ុបផងដែរ ស្របពេល Sadio Mane ជាកីឡាករស្នូលក្នុងក្រុមសេណេហ្គាល់ ដែលកំពុងលេង ឲ្យក្លឹបអង់គ្លេស ហង្សក្រហម Liverpool៕