(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានបង្កើនពន្ធនាំចូល លើផលិតផលចិនជាច្រើនទៀតចំនួន ១០ភាគរយ ឬស្មើនឹងតម្លៃជាទឹកប្រាក់ជាង ២០០ពាន់លានដុល្លារអាមេរិក បើសិនជាទីក្រុងប៉េកាំង នៅតែបង្កើនពន្ធនាំចូលលើផលិតផលអាមេរិក។
២៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានសម្រេចចិត្តផ្អាកការធ្វើសមយុទ្ធយោធារួមគ្នា Ulchi Freedom Guardian (UFG) ដែលគ្រោងនឹងធ្វើឡើងនៅខែសីហាខាងមុខនេះហើយ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹងបញ្ឈប់ការ ធ្វើសមយុទ្ធយោធាដែលកន្លងមក វាគឺជាការសម្ញែងសាច់ដុំដាក់កូរ៉េខាងជើងនោះ។
៣៖ មេដឹកនាំកំពូលផុតលេខរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមកដល់ទឹកដីនៃប្រទេសចិនហើយ និងកំពុងចាប់ ផ្តើមដំណើរបំពេញដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីនេះ ដែលវាគឺជាដំណើរទស្សនកិច្ចជាលើកទី៣របស់លោកក្នុងឆ្នាំ២០១៨ នេះ មកកាន់ទីក្រុងប៉េកាំង ប្រទេសចិន។
៤៖ ក្រោយពីបង្ហាញក្តីបំណងរបស់ខ្លួនកាលពីប៉ុន្មានខែមុននោះ នាពេលនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងតែបោះជំហានទៅមុខ ក្នុងការបង្កើតកងទ័ពអវកាស ដើម្បីធ្វើជាកងអង្គភាពទី ៦ នៃកងកម្លាំងប្រដាប់អាវុធរបស់អាមេរិក។
៥៖ ភពអង្គារ (Mars) នៅចុងខែក្រោយនឹងមើលទៅធំ និងបញ្ចេញពន្លឺខ្លាំងជាងពេលណាៗទាំងអស់ ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅនេះ ហើយពន្លឺរបស់ភពនេះ គឺងាយឲ្យយើងស្វែងរកណាស់ ដោយវាមានពណ៌ក្រូច និងមានស្ថេរភាពពន្លឺ (មិនព្រិចៗដូចផ្កាយ)។
៦៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនយក្សអាមេរិក Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) បានក្លាយជាអ្នកមានជាងគេ បំផុតនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិដុល ១៤១.៩ពាន់លានដុល្លារ។