(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី ធ្លាប់មានប្រវត្តិជួបក្រុមសាម៉ូរៃជប៉ុន ៣ដង ដោយក្នុងនោះធ្លាប់ឈ្នះ ២ដង និងស្មើ១ដងក្នុងការប្រកួតផ្លូវការ មុនជួបគ្នាជាថ្មីនៅម៉ោង ៧យប់ថ្ងៃអង្គារ ទី១៩ ខែមិថុនានេះ ក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី នៃវគ្គជម្រុះសន្សំពិន្ទុប្រចាំពូល H។
កូឡុំប៊ី ធ្លាប់ជួបជប៉ុនដំបូងកាលពីឆ្នាំ២០០៣ ដោយបានយកឈ្នះក្រុមលេខ១ ប្រចាំទ្វីបអាស៊ីមួយនេះដោយលទ្ធផល ១-០ ក្នុងព្រឹត្តិការណ៍ FIFA Confederations Cup ក្រោយពេល ៤ឆ្នាំបន្តមកទៀត កូឡុំប៊ីលេងបានស្មើ ០-០ ក្នុងពាន Kirin Cup 2007 ដោយមានជប៉ុនធ្វើម្ចាស់ផ្ទះ និងជួបគ្នាចុងក្រោយ កូឡុំប៊ីបានយកឈ្នះជប៉ុន ៤-១ ក្នុងយុទ្ធនាការ World Cup 2014 នៅប្រទេសប្រេស៊ីល។
សូមបញ្ជាក់ជូនផងដែរថា ទាំងកូឡុំប៊ី និងជប៉ុន សុទ្ធតែមិនធ្លាប់ឈ្នះ និងរងជើងឯកពាន World Cup ដូចគ្នា តែក្រុមខ្លាំងប្រចាំតំបន់រៀងៗខ្លួននេះ តែងតែបង្ហាញខ្លួនក្នុងវគ្គចុងក្រោយនៃ World Cup ជាហូរហែ។ កីឡាករសំខាន់ របស់កូឡុំប៊ីមានដូចជា Carlos Bacca, Juan Cuadrado, Radamel Falcao និងអតីតម្ចាស់ស្បែកជើងមាស World Cup 2014 James Rodriguez ដែលកំពុងលេងឲ្យក្លឹបអាល្លឺម៉ង់ Bayern Munich។
សម្រាប់ឯក្រុមជប៉ុនវិញ មានកីឡាករសំខាន់ Takashi Inui, Keisuke Honda និង Shinji Kagawa ដោយមានគ្រូបង្វឹកជាជនជាតិជប៉ុនដូចគ្នាគឺលោក Akira Nishino ជាមួយនឹងទម្រង់លេង ៤-២-៣-១ ដើម្បីទប់ទល់ ជាមួយនឹងកូឡុំប៊ីយប់នេះ៕