(អង់ការ៉ា)៖ ផែនការរបស់ប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្គាន់ (Tayyip Erdogan) ក្នុងការបញ្ជ្រាបសាសនាក្នុងផ្នត់គំនិតយុវវ័យជំនាន់ក្រោយ កំពុងបង្កភាពចម្រូងចម្រាសក្នុងចំណោមឪពុកម្តាយនានា ខណៈដែលមេដឹកនាំរូបនេះ កំពុងព្យាយាមស្វែងរកជ័យជម្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតួកគី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន New York Times នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
សាលារៀននានារបស់រដ្ឋ កំពុងត្រូវបានបិទទ្វារជាបន្តបន្ទាប់ដោយមាន ឬក៏ពុំមានសោះតែម្តងនូវការជូនដំណឹងជាមុន ហើយកំពុងតែត្រូវជំនួសមកវិញដោយសាលាបង្រៀនសាសនា។ ការប្រឡងជ្រើសរើសសមត្ថភាព ក៏ត្រូវបានលុបបំបាត់ចោលថែមទៀត តាមតែចិត្តរបស់លោកប្រធានាធិបតីតួកគី។ មន្រ្តីរាជការជាគ្រូបង្រៀនរាប់ម៉ឺននាក់ ត្រូវបានបញ្ឈប់ពីការងារ ខណៈក្រុមសាសនាមកពីខាងក្រៅ កំពុងបង្រៀននៅតាមសាលា ដោយមិនមានការអនុញ្ញាតពីឪពុកម្តាយសិស្ស។
ការប្រជែងគ្នាដើម្បីកំណត់ពីអនាគត នៃមនុស្សជំនាន់ក្រោយ នៅក្នុងប្រទេសតួកគី បានក្លាយជាបញ្ហាដ៏ធំមួយ សម្រាប់ប្រធានាធិបតីតួកគី លោក Tayyip Erdogan ដោយសារតែលោក កំពុងព្យាយាមដើម្បីអាចជាប់ឆ្នោតជាថ្មីម្តងទៀត នៅថ្ងៃអាទិត្យខាងមុខនេះ។ គូបដិបក្ខរបស់លោក មានក្តីព្រួយបារម្ភថា ការទទួលជ័យជម្នះក្នុងការបោះឆ្នោតសម្រាប់អាណត្តិថ្មី ដែលទើបត្រូវបានបង្កើនអំណាច តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាលពីឆ្នាំទៅ នឹងផ្តល់ឲ្យលោក Erdogan ក៏សិទ្ធិអំណាចខ្ពស់កប់ពពក ដើម្បីសម្រេចគោលបំណងរបស់លោកបានកាន់តែច្រើន ព្រមទាំងអាចកែប្រែសង្គមតួកគីទាំងមូល។
គួរជម្រាបថា វិស័យអប់រំនៅតួកគី បានក្លាយជាបញ្ហាចម្បងមួយ ខណៈមាតាបិតាសិស្សា នៅទូទាំងប្រទេស កំពុងព្យាយាមប្រឆាំងតវ៉ានឹងផ្លាស់ប្តូររបស់លោក ហើយនាំគ្នាតស៊ូស្វែងរកសាលារៀនដែលពួកគេចង់បាន ខណៈដែលស្តង់ដាអប់រំធ្លាក់ចុះ និងភាពអត់ការងារធ្វើមានការកើនឡើង។ បញ្ហាដ៏ចម្រូងចម្រាសបំផុតនោះ គឺការជំរុញពុះពាររបស់លោក Erdogan ក្នុងការពង្រីកការប្រៀនប្រដៅសាសនា នៅក្នុងរបៀបដែលធ្វើឲ្យអ្នកគាំទ្ររបស់លោកត្រេកអរ តែបង្កក្តីព្រួយបារម្ភដល់អ្នករិះគន់រូបលោក៕