(បាងកក)៖ បុរសជាឃាតកជនជាតិថៃម្នាក់ ត្រូវបានតុលាការកាត់ទោសប្រហារជីវិត ដោយការចាក់ថ្នាំនៅឯពន្ធនាគារមួយកន្លែងក្នុងប្រទេសថៃ ដែលនេះគឺជាការកាត់ទោសប្រហារជីវិត លើកដំបូងបំផុតក្នុងរយៈពេលជាង ០៩ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
អ្នកទោសឈ្មោះ ធារ៉ាសាក់ ឡុងជី (Theerasak Longji) មានអាយុ ២៦ឆ្នាំ ត្រូវបានសាលាឧទ្ធរណ៍ និងតុលាការកំពូលថៃ ផ្តន្ទាទោសប្រហារជីវិតពីបទ
ឧក្រិដ្ឋសាហាវព្រៃផ្សៃក្នុងអំពើប្លន់មួយ ដោយជនរូបនេះបានចាក់សម្លាប់ជនរងគ្រោះ ២៤កាំបិត ដើម្បីប្លន់យកទូរស័ព្ទដៃ iPhone និងកាបូបលុយកាលពី ឆ្នាំ២០១២។ ប៉ុន្តែរហូតដល់ថ្ងៃចន្ទសប្ដាហ៍នេះ ទើប Theerasak ត្រូវគេកាត់ទោសប្រហារជីវិតដោយការចាក់ថ្នាំសម្លាប់ និងប្រើ ពេលដល់ទៅ ០៣ម៉ោង។
ក្រសួងយុត្តិធម៌ថៃបានចេញច្បាប់មួយ ស្ដីពីការកាត់ទោសប្រហារជីវិតដោយការចាក់ថ្នាំនៅឆ្នាំ២០០៣ ជំនួសការប្រហារជីវិតដោយបាញ់សម្លាប់។ ចំណែកឯ Theerasak គឺជាឧក្រិដ្ឋជនទី ៧ ដែលត្រូវបានកាត់ទោសប្រហារជីវិតដោយការចាក់ថ្នាំ ចាប់តាំងពីវិធីសាស្ត្រនេះត្រូវបានដាក់ចេញឱ្យអនុវត្តន៍។
គួរបញ្ជាក់ថា បើតាមក្រសួងយុត្តិធម៌ថៃ តុលាកាថៃបានកាត់ទោសប្រហារជីវិតអ្នកទោស ៣២៥នាក់ គិតចាប់តាំងពីឆ្នាំ១៩៣៥មក ហើយក្នុងចំណោមពួកគេមាន ៣១៩នាក់ ត្រូវកាត់ទោសដោយបាញ់សម្លាប់៕