(វ៉ាស៊ីនតោន)៖ ភពអង្គារ (Mars) នៅចុងខែក្រោយនឹងមើលទៅធំ និងបញ្ចេញពន្លឺខ្លាំងជាងពេលណាៗទាំងអស់ ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅនេះ ហើយពន្លឺរបស់ភពនេះ គឺងាយឲ្យយើងស្វែងរកណាស់ ដោយវាមានពណ៌ក្រូច និងមានស្ថេរភាពពន្លឺ (មិនព្រិចៗដូចផ្កាយ)។ នេះបើតាមសេចក្តីប្រកាសរបស់ ទីភ្នាក់ងារអវកាសអាមេរិក NASA ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
នៅថ្ងៃទី៣១ ខែកក្កដា ភពអង្គារនឹងធ្វើដំណើរដល់ចំណុចកៀកបំផុត នៅក្នុងគន្លងរបស់វាមកផែនដី គឺនៅចម្ងាយប្រហែឡ ៥៧.៦លានគីឡូម៉ែត្រពីភពរបស់យើង ខណៈនេះគឺជារយៈចម្ងាយផែនដី-ភពអង្គារដ៏ខ្លីបំផុត គិតចាប់តាំងពីឆ្នាំ២០១៣មក។ នៅពេលភពអង្គារ និងផែនដីខិតជិតគ្នា ភពអង្គារនឹងបង្ហាញខ្លួនដោយមានពន្លឺចែងចាំង នៅលើផ្ទៃមេឃរបស់យើង ហើយវាក៏ងាយនឹងមើលឃើញដោយប្រើកែវយឺត ឬភ្នែកទទេផងដែរនារាត្រី។
គួរជម្រាបថា ភពអង្គារតែងមកកៀកផែនដី ដើម្បីល្មមអាចបង្ហាញទស្សនីយភាពបែបនេះ តែមួយ ឬពីរលើកប៉ុណ្ណោះ ក្នុងរយៈពេល ១៥ ឬ ១៧ឆ្នាំម្តង ហើយព្រឹត្តិការណ៍ដូចគ្នាចុងក្រោយនោះ គឺបានកើតឡើងតាំងតែពីឆ្នាំ២០០៣ មកម្ល៉េះ នៅពេលរយៈចម្ងាយរវាងភពទាំងពីរគឺត្រឹម ៥៥.៧លានគីឡូម៉ែត្រ ជាចម្ងាយកៀកបំផុតនៅក្នុងរយៈពេលជិត ៦០,០០០ឆ្នាំកន្លងទៅ។
យ៉ាងណាក្តី ភពអង្គារនឹងមើលទៅខ្សោយចុះពន្លឺទៅវិញ នៅពាក់កណ្តាលខែសីហា ដោយសារភពក្រហមនេះ និងផែនដី នឹងធ្វើដំណើរឃ្លាតឆ្ងាយពីគ្នា នៅក្នុងគន្លងរៀងៗខ្លួនជុំវិញព្រះអាទិត្យ៕