(ភ្នំពេញ)៖ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លៃការណ៍រួមគ្នាមួយ ដោយព្រមានផ្ដន្ទាទោសតាមច្បាប់ ចំពោះបុគ្គល ឬក្រុមហ៊ុនណា ហ៊ានប្រតិបត្តិការជួញដូរលុយអេឡិចត្រូនិក ដោយមិនមាន អាជ្ញាប័ណ្ណត្រឹមត្រូវ។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ។
ការចេញសេចក្តីថ្លែងការណ៍រួមនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចបានសង្កេតឃើញថា មានការផ្សព្វផ្សាយចរាចរទិញ-លក់ ជួញដូរ ទូទាត់កាសអេឡិចត្រូនិក ដូចជា KH Coin, Suncoin, K coin, One-coin, Forex coin និងកាសអេឡិចត្រូនិក ប្រហាក់ប្រហែលណ យ៉ាងសកម្មក្នុងប្រទេសកម្ពុជា។
អាជ្ញាធរមានសមត្ថកិច្ចបញ្ជាក់ថា ការផ្សព្វផ្សាយចរាចរ ទិញ-លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដោយមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ច ជាសកម្មភាពខុសច្បាប់ ព្រមទាំងបង្កហានិភ័យ ធ្ងន់ធរដល់សាធារណជន និងសង្គមទាំងមូល ដូចជាប្រឈមនឹងឧក្រិដ្ឋកម្ម បច្ចេកវិទ្យា និងធ្វើឲ្យបាត់បង់មូលនិធិ ដោយសារការលួចចូលទៅក្នុងប្រព័ន្ធ, ពុំមានយន្ដការការពារផលប្រយោជន៍អតិថិជន អ្នកប្រើប្រាស់កាសអេឡិចត្រូនិក ជាជនអនាមិក ពុំមានការសម្គាល់អត្តសញ្ញាណ ឬសាវតារបស់អ្នកប្រើប្រាស់បាន ច្បាស់លាស់ គឺជាហានិភ័យក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
អាជ្ញាធរមានសមត្ថកិច្ច «សូមអំពាវនាវ ដល់សាធារណជនទាំងអស់ ប្រុងប្រយ័ត្ន ចំពោះការឃោសនាផ្សព្វផ្សាយ កៀរគរប្រមូលមូលនិធិ និងធ្វើប្រតិបត្តិការ ទិញ-លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដែលមិនមានអាជ្ញាប័ណ្ណ ពីអាជ្ញាធរមានសមត្ថកិច្ច។ សម្រាប់បុគ្គល ឬក្រុមហ៊ុនណា ដែលឃោសនាផ្សព្វផ្សាយ កៀរគរប្រមូលមូនិធិ ធ្វើប្រតិបត្តិការ ទិញ-លក់ ជួញដូរ ទូទាត់កាសអេឡិត្រូនិកដោយមិនមានអាជ្ញាប័ណ្ណ ពីអាជ្ញាធរមានសមត្ថកិច្ច និងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន»។
សូមបញ្ជាក់ថា កន្លងមកធនាគារជាតិនៃកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងជាហូរហែរពាក់ព័ន្ធនឹងការ ហាមមិនឲ្យជួញដូរ ទៅលើលុយអេឡិចត្រូនិក ជាមួយក្រុមហ៊ុនដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ព្រោះអាចបណ្ដាលឲ្យខូចខាតប្រយោជន៍របស់សាធារណជន៕