(ប៉េកាំង)៖ ស្ថានការណ៍កាន់តែមានភាពតានតឹងឡើង ខណៈទីក្រុងប៉េកាំង បានប្តេជ្ញាថា នឹងចាត់វិធានការតឹងរ៉ឹងវាយបកទៅវិញ ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានបង្កើនពន្ធលើផលិតផលនាំចូលចិនទំហំ ២០០ពាន់លានដុល្លារ ថែមទៀត ដូចលោក ដូណាល់ ត្រាំ បានគំរាមនាដើមសប្តាហ៍នេះមែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា «ប្រសិនបើភាគីអាមេរិក បាត់បង់សតិរបស់ខ្លួនមែនទែនហើយនោះ រួចដាក់ចេញនូវបញ្ជីថ្មីមួយទៀត ដែលរាយមុខទំនិញចិនដែលត្រូវរងការបង្កើនពន្ធនាំចូល នោះភាគីចិននឹងត្រូវបង្ខំចិត្តឲ្យចាត់វិធានការគ្រប់ជ្រុងជ្រោយ និងផ្តល់ការឆ្លើយតបដែលតឹងរ៉ឹងបកត្រឡប់ទៅវិញ»។
នាដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្គាប់មន្រ្តីតំណាងពាណិជ្ជកម្មអាមេរិក លោក រ៉ូប៊ឺត ឡៃត៍ហៃស៊ឺ (Robert Lighthizer) ឲ្យកំណត់ទំនិញចិន គិតជាទឹកប្រាក់ប្រមាណ ២០០ពាន់លានដុល្លារ ដែលជាការបង្កើនពន្ធក្នុងអត្រា ១០ភាគរយ បន្ទាប់ពីខ្លួនលោកកាលពីថ្ងៃសុក្រកន្លងទៅ ទើបតែបានប្រកាសដំឡើងពន្ធ ២៥ភាគរយ លើផលិតផលនាំចូលចិន មានទំហំជាទឹកប្រាក់ ៥០ពាន់លានដុល្លារ ហើយវានឹងចូលជាធរមាន ប្រសិនបើទីក្រុងប៉េកាំងនៅតែបដិសេធមិនផ្លាស់ប្តូររវិធីសាស្រ្តធ្វើពាណិជ្ជកម្មរបស់ខ្លួន និងប្រសិនបើចិននៅតែចង់ចេញវិធានការដំឡើងពន្ធថ្មី ដែលជាការតដៃមកលើទីក្រុងវ៉ាស៊ីនតោនវិញនោះ។
កាលពីថ្ងៃសុក្រកន្លងទៅ ចិនបានគំរាមបង្កើនពន្ធនាំចូល លើឧស្ម័នធម្មជាតិ និងប្រេងឆៅពីអាមេរិក ខណៈដែលខ្លួនត្រូវគេរាយការណ៍ថា គឺជាអតិថិជនធំជាងគេរបស់សហរដ្ឋអាមេរិក។ ក្រោយមកទៀតនៅថ្ងៃសៅរ៍នេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសដំឡើងពន្ធដោយពេញថ្លៃ ទៅលើរថយន្ត ផលិតផលដំណាំ និងស្រារបស់អាមេរិក សរុបជាទឹកប្រាក់ ៥០ពាន់លានដុល្លារ ក្នុងអត្រា ២៥ភាគរយដូចគ្នា ដែលនឹងចូលជាធរមាននៅថ្ងៃទី២៥ ខែកក្កដា។
គួរជម្រាបថា បញ្ហាវិវាទរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានចាប់ផ្តើមផ្ទុះឡើងដំបូងឡើយ ក្រោយពីលោក ដូណាល់ ត្រាំ ដែលតែងតែបានសន្យាកែតម្រូវ បញ្ហាឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយចិននោះ កាលពីខែមីនាកន្លងទៅ បានប្រកាសថា រដ្ឋបាលរបស់លោក នឹងចេញការបង្កើនពន្ធលើផលិផលដែក និងអាលុយមីញ៉ូមនាំចូល។ ចំណែកទីក្រុងប៉េកាំង ជាការឆ្លើយតបបានព្រមានថា ខ្លួនក៏នឹងដាក់ចេញនូវវិធានការសងសឹកវិញផងដែរ ប្រឆាំងនឹងនយោបាយពាណិជ្ជកម្មរបស់អាមេរិក៕