(ម៉ុងហ្គោលី)៖ ប្រទេសម៉ុងហ្គោលី នឹងបើកការដ្ឋានសាងសង់រោងចក្រចម្រាញ់ប្រេងជាលើកដំបូងរបស់ខ្លួន នៅឯភាគអាគ្នេយ៍នៃខេត្ត ដ័រណូហ្គោវី (Dornogovi) យ៉ាងយូរនៅក្នុងខែមិថុនានេះ ដែលនឹងជួយជម្រុញសេដ្ឋកិច្ចប្រទេស អត់មានព្រំដែនជាប់សមុទ្រនេះ កាន់តែខ្លាំង។ នេះបើតាមក្រសួងការបរទេសម៉ុងហ្គោលី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
ក្រសួងការបរទេសម៉ុងហ្គោលី បានឱ្យដឹងទៀតថា ពិធីបើកការដ្ឋាននេះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមិថុនា ខាងមុខនេះ នៅ តំបន់រដ្ឋបាល អាត្លាន់ហ្ស៊ឺរីសោម (Altanshiree soum) នៃខេត្ត Dornogovi ហើយពិធីនេះនឹងមានការចូលរួមដោយផ្ទាល់ ពីនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក យូកណាអា ហ៊ូរែលស៊ូក (Ukhnaa Hurelsukh) និងរដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌា លោក រ៉ាចណាត ស៊ីង (Rajnath Singh)។ គំរោងនេះទទួលបានហិរញ្ញវត្ថុ តាមរយៈប្រាក់កម្ចី ពីរដ្ឋាភិបាលឥណ្ឌា ដែលត្រូវបានប្រកាសនៅអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi មកកាន់ ប្រទេសម៉ុងហ្គោលី កាលពីឆ្នាំ២០១៥។
គួរបញ្ជាក់ថា រោងចក្រចម្រាញ់ប្រេងខាងលើ នឹងមានសមត្ថភាពចម្រាញ់ប្រេង ១.៥លានតោនក្នុងមួយឆ្នាំ ហើយនឹងផលិតជាឥន្ធនៈបាន ៥៦០,០០០តោន ព្រមទាំងប្រេងម៉ាស៊ូត ៦៧០,០០០តោន និងឧស្ម័នរាវ ១០៧,០០០តោន ក្នុងមួយឆ្នាំផងដែរ។ រោងចក្រនេះត្រូវបានគេរំពឹងថា អាចនឹងចាប់ផ្ដើមប្រតិបត្តិការនៅឆ្នាំ២០២២ ជាមួយការរំពឹងថា វានឹងអាចជួយបង្កើនផលិតភាពនៅក្នុងស្រុក ១០ភាគរយ ខណៈបច្ចុប្បន្ន ម៉ុងហ្គោលីនាំចេញប្រេងឆៅទៅកាន់ប្រទេសចិន និងនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីមកវិញ៕