(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio) Guterres ជឿជាក់ថា កុមារមិនគួរត្រូវឆ្លងកាត់ការឈឺឆាប់ ដោយសារការត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយរបស់ពួកគេឡើយ បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ចេញគោលនយោបាយថ្មីមួយទៀត ដែលមានគោលដៅបង្ក្រាបជនអន្តោប្រវេសន៍។ នេះបើតាមអ្នកនាំពាក្យលោក Guterres គឺលោក ស្ទេហ្វិន ឌូហ្សារិច (Stephane Dujarric) ដកស្រង់សម្តីដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
ការជំទាស់ខាងលើរបស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិ គ្រាន់តែជាការបង្ហាញសំឡេងប្រឆាំងមួយ ក្នុងចំណោមសំឡេងប្រឆាំងជាច្រើន ដែលត្រូវបានធ្វើឡើងចំពោះគោលនយោបាយ ដែលទើបត្រូវបានដាក់ចេញនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលវាជានយោបាយឈានដល់ការបំបែកកុមារពីឪពុកម្តាយទាំងឡាយ ដែលត្រូវបានចាប់ខ្លួន ដោយសារតែការឆ្លងដែលពីម៉ិចស៊ីកូ ចូលមកក្នុងទឹកដីអាមេរិកដោយខុសច្បាប់។
គួរជម្រាបថា បើតាមការឲ្យដឹងពីអាជ្ញាធរអាមេរិក កុមារប្រមាណដល់ទៅ ២,០០០នាក់ ដែលឃ្លាតពីឪពុកម្តាយរបស់ពួកគេ ដែលត្រូវបានដាក់ឲ្យនៅក្នុងមន្ទីរឃុំឃាំង នៅតាមបណ្តារដ្ឋភាគនិរតីរបស់អាមេរិក។ កាលពីពេលថ្មីៗនេះ សូម្បីតែភរិយារបស់លោក ដូណាល់ ត្រាំ គឺលោកជំទាវ មេឡានៀ ក៏បានចេញមុខបង្ហាញការមិនពេញចិត្តផងដែរ ចំពោះនយោបាយដែលមិនបានលើកលែងសូម្បីតែកូនក្មេងនេះ៕