(រ៉ង់ហ្គូន)៖ សភាតំណាងរាស្រ្ត​របស់មីយ៉ាន់ម៉ា បានបោះឆ្នោតប្រឆាំង​សេចក្តីស្នើច្បាប់ ស្តីពីការដាក់ទោស​ប្រហារជីវិត ទៅលើជនល្មើស​ក្នុង​ករណី​រំលោភផ្លូវភេទ​លើអនីតិជន។ នេះបើតាមសេចក្តីរាយការណ៍​របស់សារព័ត៌មាន​មីយ៉ាន់ម៉ា Global New Light of Myanmar ដកស្រង់​ខ្លឹមសារ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

សេចក្តីស្នើច្បាប់​ខាងលើ ដែលរៀបចំឡើងដោយ​សមាជិកសភាមួយរូប បានអំពាវនាវឲ្យរដ្ឋាភិបាល​មីយ៉ាន់ម៉ា អនុម័តនូវច្បាប់​ពិសេស​​ប្រកបដោយ​ប្រសិទ្ធភាព​មួយ ដើម្បីទប់ស្កាត់ការរំលោភ​សេពសន្ទវៈ​លើអនីតិជន ហើយស្នើឲ្យមាន​ការរួមបញ្ចូលទោស​ប្រហារ​ជីវិត នៅ​ក្នុង​ច្បាប់​ថ្មី​នេះផងដែរ។

ដោយ​សង្កត់ធ្ងន់ថា មីយ៉ាន់ម៉ា គឺជាសមាជិករបស់​អង្គការសហប្រជាជាតិ និងបានសន្យាគោរព​យ៉ាងខ្ជាប់ខ្ជួនចំពោះសិទ្ធិមនុស្ស​ និង​សេរីភាព​​មូលដ្ឋាន សមាជិកសភា​ម្នាក់គឺលោកស្រី ដរ ម្យីនម្យីន (Daw Myint Myint) បានលើកឡើង​ក្នុងវេទិកា​ជជែកដេញដោល​នៅសភាថា មីយ៉ាន់ម៉ា​ក៏បាន​យល់​ព្រមដោយឥត​លក្ខខណ្ឌ ចំពោះការពិត​ដែលថា ពុំមានបទល្មើស​ណាមួយ ដែលគួរត្រូវទទួល​ការដាក់ទោស​ប្រហារជីវិតនោះឡើយ ដូចទៅ​នឹងអ្វីដែល​បានព្រមព្រៀងគ្នា​ ដោយប្រទេសជាច្រើន ដែលជាសមាជិក​របស់អង្គការ​សហប្រជាជាតិ ហើយជាងនេះ​ទៅទៀត វាក៏ពុំមាន​ភស្តុ​តាងអ្វីឡើយ​ដែលបង្ហាញថា ទោស​ប្រហារជីវិត អាចរារាំង ឬកាត់បន្ថយបទ​ល្មើសនានា។

ជុំវិញបញ្ហានេះ សមាជិកសភា​ដទៃទៀត បាននិយាយថា ការសម្លាប់ជីវិត គឺមិនមានជាប់ទាក់ទង​ដោយផ្ទាល់ទៅនឹង​ការកាត់បន្ថយ និងលុបបំបាត់​បទ​ល្មើស​នេះឡើយ និងបានទទូច​ឲ្យ​មានការអនុម័ត​មធ្យោបាយ​ផ្សេងទៀត ដើម្បីអាចឲ្យ​មនុស្ស​គ្រប់គ្នានៅក្នុងសង្គម រស់នៅដោយ​ឈរ​លើសីលធម៌​ត្រឹមត្រូវ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​មីយ៉ាន់ម៉ា ក៏កំពុងរៀបចំសេចក្តី​ព្រាងច្បាប់ពិសេស​មួយ ស្តីពីសិទ្ធិ​មនុស្ស និង​ច្បាប់​អំពី​​​ការទប់​ស្កាត់អំពើហិង្សាលើស្រ្តីភេទ​ផងដែរ។

គួរជម្រាបថា ច្បាប់ស្តីពីទោស​ប្រហារជីវិត​ខាងលើ ត្រូវបានសមាជិក​រដ្ឋសភាជាតិមីយ៉ាន់ម៉ា បោះឆ្នោតក្នុងសំឡេង​គាំទ្រចំនួន ១៤១ និង​ប្រឆាំង​ចំនួន ២២៧៕