(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា ក្រុមគ្រួសារ​សាច់ញាតិរបស់ជន​សង្ស័យ​ដែលត្រូវបាន​បាញ់ សម្លាប់នៅ​ក្នុងសង្រ្គាម​ប្រឆាំងគ្រឿងញៀន​របស់លោក នឹងមិនទទួល​បានយុត្តិធម៌​ឡើយ ហើយ​នេះ​​គឺជា​ការទាត់​ចោល​ការ​អំពាវនាវពី ក្រុមអង្គការ​សិទ្ធិមនុស្ស​ ឱ្យរដ្ឋាភិបាល​ទីក្រុង​ម៉ានីល ស្វែងរកយុត្តិធម៌​ដល់អ្នកស្លាប់​រាប់ពាន់​នាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅ​ព្រឹកថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

ជនសង្ស័យ​គ្រឿងញៀន​ច្រើនជាង ៤,២០០នាក់ ត្រូវបាន​ប៉ូលិសសម្លាប់​ នៅក្នុងសង្រ្គាមប្រឆាំង​គ្រឿងញៀន​របស់​លោក ឌូតឺតេ ចាប់ តាំងពីឆ្នាំ២០១៦ មក។ ចំណែកឯ សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប រួមទាំងអង្គការ​សិទ្ធិមនុស្ស​ជាច្រើន បានថ្កោលទោស​យ៉ាងខ្លាំង ចំពោះការស្លាប់មនុស្សក្រៅ​ប្រព័ន្ធតុលាការ​នេះ។ ប៉ុន្តែ​ប៉ូលិស​ហ្វីលីពីន បានច្រានចោល​រាល់ការចោទ​ប្រកាន់​ដោយ​និយាយថា ពួកគេត្រូវតែប្រើ​កម្លាំងបាយ ដោយសារ​តែជនសង្ស័យ​មានអាវុធ និងតដៃជា​មួយ​ប៉ូលិស។

លើស​ពីនេះ​ទៅទៀត សូម្បីតែលោក ឌូតឺតេ ផ្ទាល់ ក៏នៅតែប្រកាន់​គោលជំហរដដែល ចំពោះសង្រ្គាមគ្រឿងញៀន ដោយ​ថែមទាំង អះអាងថា ក្រុមគ្រួសារសាច់​ញាតិរបស់ជនសង្ស័យ​ទាំងនោះ នឹងមិនទទួល​បានយុត្តិធម៌ឡើយ។ ប្រធានាធិបតី​ហ្វីលីពីនរូបនេះ បាន លើកឡើងនៅ​ក្នុងសុន្ទរកថា​មួយ នៅថ្ងៃចន្ទសប្ដាហ៍​នេះដូច្នេះថា «បើសិនជា អ្នកគិតថា​អ្នកអាចទទួលបាន​យុត្តិធម៌យ៉ាង​ងាយស្រួល ពី​ព្រោះតែ​អ្នកបានបាត់បង់​សាច់ញាតិណាម្នាក់ ដែលជាឧក្រិដ្ឋជន​គ្រឿងញៀន នោះខ្ញុំសូមទោស​ដែលត្រូវនិយាយថា ខ្ញុំនឹងមិន​អនុញ្ញាតឱ្យ រឿងបែបនេះ​កើតឡើង​ឡើយ»

គួរបញ្ជាក់ថា​ បើតាមលោក ឌូតឺតេ កុំថាឡើយការស្វែង​រកយុត្តិធម៌ សូម្បីតែប៉ូលិស ឬយោធាដែលបាន​សម្លាប់អ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿង​ញៀន ក៏លោកមិន​អនុញាតឱ្យមាន​ការកាត់ទោស​លើពួកគេដែរ៕