(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ ដែលបានវាយប្រហារខេត្តអូសាកា (Osaka) ភាគខាងលិចប្រទេសកាលពីព្រឹកថ្ងៃចន្ទនោះ បានកើនឡើងដល់ ០៤នាក់ហើយ ខណៈមនុស្សជាង ៣៨០នាក់ទៀតរងរបួស ព្រមទាំងមានការព្រមានទៀតថា នឹងអាចកើតមានរំញ័រដី នៅតំបន់ទើបរងគ្រោះនេះបន្ថែមផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រខាងលើដែលមានជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដី ពុំបានបង្កជារលកយក្សស៊ូណាមិនោះឡើយ តែវាបានបង្កការខូចខាតធ្ងន់ធ្ងរ ទៅដល់ហេដ្ឋារចនាសម្ព័ន្ធជារួមនៅក្នុងតំបន់។ លើសពីនេះទៅទៀត គ្រោះរញ្ជួយដីនេះក៏បានបង្ខំឱ្យរោងចក្រជាច្រើននៅក្នុងតំបន់ ផ្អាកសកម្មភាពរបស់ខ្លួនជាបណ្ដោះអាសន្នផងដែរ ខណៈសេវាកម្មរថភ្លើងជាច្រើនបានបើកដំណើរការឡើងវិញនៅថ្ងៃអង្គារនេះ។
គួរជម្រាបថា ខេត្តអូសាកា រួមទាំងទីក្រុង និងតំបន់ក្បែរខាងមានប្រជាជន ៨.៨លាននាក់រស់នៅ ហើយខេត្តមួយនេះនឹងត្រូវធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G20 នៅឆ្នាំក្រោយថែមទៀត។ គ្រោះរញ្ជួយដីនៅជប៉ុន តែងតែកើតឡើងជាញឹកញប់មានទាំងកំរិតធ្ងន់ និងស្រាល ដោយសារតែប្រទេសមួយនេះស្ថិតនៅលើ «ខ្សែក្រវាត់ភ្លើង» ដែលលាតសន្ធឹងពីតំបន់ប៉ាស៊ីហ្វិកខាងត្បូងកាត់តាមឥណ្ឌូណេស៊ី និងជប៉ុន ទៅដល់អាឡាស់កា នៅភាគខាងជើងប៉ាស៊ីហ្វិក ហើយចាក់ចុះមកឆ្នេរអាមេរិកខាងជើង កណ្ដាល និងខាងត្បូងថែមទៀត៕