(វ៉ាស៊ីនតោន)៖ ក្រោយពីបង្ហាញក្តីបំណងរបស់ខ្លួនកាលពីប៉ុន្មានខែមុននោះ នាពេលនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងតែបោះជំហានទៅមុខ ក្នុងការបង្កើតកងទ័ពអវកាស ដើម្បីធ្វើជាកងអង្គភាពទី ៦ នៃកងកម្លាំងប្រដាប់អាវុធរបស់អាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
បើតាមសេតវិមាន ថ្លែងក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាអវកាសជាតិអាមេរិក លោក ត្រាំ ឲ្យអះអាងច្បាស់ៗថា លោកបានបង្គាប់ឲ្យក្រសួងការពារជាតិទាំងមូល និងមន្ទីរបញ្ចកោណ (Pentagon) ធ្វើការចាប់ផ្តើមភ្លាមៗនូវដំណើរការចំបាច់ផ្សេងៗ សម្រាប់ការបង្កើតយោធាការពារទីអវកាស។
លោក ត្រាំ បាននិយាយថា កងទ័ពថ្មីនេះ គឺមានលក្ខណៈដាច់ដោយឡែក ប៉ុន្តែស្មើភាពជាមួយកងទ័ពអាកាសអាមេរិក។ លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា «វាមិនទាន់គ្រប់គ្រាន់នោះទេ ដោយត្រឹមតែមានវត្តមានអាមេរិកនៅទីអវកាស គឺយើងត្រូវមានអំណាចរបស់អាមេរិក នៅក្នុងទីអវកាសតែម្តង»។
គួរជម្រាបថា អង្គភាពទាំង០៥សព្វថ្ងៃនៃកងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក រួមមានកងទ័ពជើងគោក កងម៉ារីន កងទ័ពជើងទឹក កងទ័ពអាកាស និងកងឆ្មាំការពារដែនសមុទ្រ៕