BREAKING NEWS: ទីបំផុតលោក គីម ជុងអ៊ុន ធ្វើដំណើរមកដល់ប្រទេសចិនជាលើកទីបី ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ!
19-06-2018 09:39
(ប៉េកាំង)៖ មេដឹកនាំកំពូលផុតលេខរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមកដល់ទឹកដីនៃប្រទេសចិនហើយ និងកំពុងចាប់ផ្តើមដំណើរបំពេញដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីនេះ ដែលវាគឺជាដំណើរទស្សនកិច្ចជាលើកទី ៣ របស់លោកក្នុងឆ្នាំ២០១៨នេះ មកកាន់ទីក្រុងប៉េកាំង ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
លោក គីម មកដល់ប្រទេសចិនលើកនេះ គឺដើម្បីជួបពិភាក្សាការ ងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្រ របស់លោកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសិង្ហបុរី។
យោងតាមសារព័ត៌មាន Nikkei បានចេញផ្សាយនៅមុននេះថា លោក គីម បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដោយជិះយន្ដហោះនៅព្រឹកថ្ងៃអង្គារនេះ ខណៈគេសង្កេតឃើញថា មានការរឹតបន្តឹងសន្តិសុខគួរឱ្យកត់សម្គាល់ នៅក្នុងរដ្ឋធានីនៃប្រទេសចិន។ យន្ដហោះ An-148 របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo បានហោះចេញពីទីក្រុងព្យុងយ៉ាងនៅព្រឹកមិញនេះ និងឆ្ពោះមកដល់ទីក្រុងប៉េកាំង ដោយសុវត្ថិភាព។
គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចជាលើកទី ៣ របស់លោក គីម ជុងអ៊ុន មក កាន់ប្រទេសចិនក្នុងឆ្នាំ២០១៨នេះ ក្រោយលោកបានជួបជាមួយលោក ស៊ី ជិនពីង នៅខែមីនា និងខែឧសភាកន្លងទៅ៕