(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានបង្កើនពន្ធនាំចូល លើផលិតផលចិនជាច្រើនទៀតចំនួន ១០ភាគរយ ឬស្មើនឹងតម្លៃជាទឹកប្រាក់ជាង ២០០ពាន់លានដុល្លារអាមេរិក បើសិនជាទីក្រុងប៉េកាំង នៅតែបង្កើនពន្ធនាំចូលលើផលិតផលអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
ការព្រមានបែបនេះរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលមហាអំណាចសេដ្ឋកិច្ចលេខ ០២ នៅលើពិភពលោក គឺចិន បានសន្យាថា នឹង ចាត់វិធានការសងសឹកទៅនឹងការដំឡើងពន្ធនាំចូលផលិតផលចិន ពីសំណាក់សហរដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍ មួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានចាត់ទុកថា ការដំឡើងពន្ធលើផលិតផលអាមេរិករបស់ទីក្រុងប៉េកាំង គឺជារឿងមិនអាចទទួលយកបាន។
ប្រធានាធិបតីអាមេរិករូបនេះ គូសបញ្ជាក់យ៉ាងដូច្នេះថា «ការចាត់វិធានការបន្ទាប់ គឺនឹងជំរុញឱ្យចិនផ្លាស់ប្ដូរការអនុវត្តមិនស្មើភាពរបស់ខ្លួន ហើយបើកចំហរទីផ្សារសម្រាប់ផលិតផលអាមេរិក ក៏ដូចជាទទួលយកតុល្យភាព នៃទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀតជាមួយ សហរដ្ឋអាមេរិក។ មួយវិញទៀត បើទោះជាខ្ញុំមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតចិន ឬប្រទេសដទៃលើពិភពលោក កេងចំណេញពាណិជ្ជកម្ម លើសហរដ្ឋអាមេរិកទៀតនោះទេ»។
គួរបញ្ជាក់ថា បើតាមលោក ដូណាល់ ត្រាំ ក្រោយវិធានការថ្មីចូលជាធរមាន បន្ថែមពីលើការដំឡើងពន្ធ ២៥ភាគរយ ឬស្មើនឹងតម្លៃ ៥០ពាន់លានដុល្លារ ដែលមានស្រាប់លើការនាំចូលផលិតផលចិន នោះពន្ធបន្ថែមផ្សេងទៀត ក្នុងតម្លៃជាទឹកប្រាក់ជាង ២០០ពាន់លានដុល្លារ លើការនាំចូលផលិតផល ចិននឹងត្រូវអនុវត្តន៍បើសិនទីក្រុងប៉េកាំង នៅតែបន្តដំឡើងពន្ធលើផលិតផលអាមេរិក៕