(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានសម្រេចចិត្តផ្អាកការធ្វើសមយុទ្ធយោធារួមគ្នា Ulchi Freedom Guardian (UFG) ដែលគ្រោងនឹងធ្វើឡើងនៅខែសីហាខាងមុខនេះហើយ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹងបញ្ឈប់ការ ធ្វើសមយុទ្ធយោធាដែលកន្លងមក វាគឺជាការសម្ញែងសាច់ដុំដាក់កូរ៉េខាងជើងនោះ។ នេះបើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារ សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូងបានគូសបញ្ជាក់យ៉ាងដូច្នេះថា «កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាផ្អាករាល់សកម្មភាពនានា ដែលបានគ្រោងទុក នៅក្នុងការធ្វើសមយុទ្ធយោធា Ulchi Freedom Guardian នៅខែសីហា ខាងមុខនេះ»។
ដោយឡែក អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោកស្រី ដាណា វ៉ៃត៍ (Dana White) ក៏បានទទួលស្គាល់ការផ្អាកនេះដែរ ដោយបន្ថែមថា នឹងមានកិច្ចពិភាក្សាមួយរវាងរដ្ឋមន្ត្រីការពារជាតិ និងទីប្រឹក្សាសន្ដិសុខជាតិរបស់លោក ដូណាល់ ត្រាំ ស្ដីពីបញ្ហានេះនៅក្នុង សប្ដាហ៍នេះ។ លោកស្រី បានលើកឡើងដូច្នេះថា «យើងនឹងនៅតែបន្តសម្របសម្រួលសកម្មភាពបន្ថែម... ប៉ុន្តែពុំទាន់មានការសម្រេច ចិត្តណាមួយលើសមយុទ្ធយោធារួមគ្នាដទៃទៀតឡើយ»។
គួរជម្រាបថា បើតាមទីក្រុងវ៉ាស៊ីនតោន ការផ្អាកសមយុទ្ធយោធានេះ គឺផ្ដោតសំខាន់តែទៅលើសមយុទ្ធយោធាទ្រង់ទ្រាយធំតែប៉ុណ្ណោះ ហើយសមយុទ្ធយោធានោះ អាចចាប់ផ្ដើមធ្វើឡើងវិញគ្រប់ពេលវេលា បើសិនជាកូរ៉េខាងជើង មិនគោរពតាមសន្យារបស់ខ្លួន ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ៕