Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គីម ជុងអ៊ុន នឹងបំពេញទស្សនកិច្ចជាលើកទី០៣ ទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ

19-06-2018 08:53

​(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាការ ងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្រ របស់លោកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសិង្ហបុរី។ នេះបើតាម Nikkei ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមសារព័ត៌មានដដែល បានផ្សាយថា លោក គីម នឹងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដោយជិះយន្ដហោះនៅព្រឹកថ្ងៃអង្គារនេះ ខណៈគេសង្កេតឃើញថា មានការរឹតបន្តឹងសន្តិសុខគួរឱ្យកត់សម្គាល់នៅក្នុងរដ្ឋធានីនៃប្រទេសចិន។ យន្ដហោះAn-148 របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo បានហោះចេញពីទីក្រុងព្យុងយ៉ាងនៅព្រឹកមិញនេះ ឆ្ពោះមកកាន់ទីក្រុងប៉េកាំង។ ប៉ុន្តែមិនទាន់មានការទទួលស្គាល់ជាផ្លូវការណាមួយនៅឡើយទេថាលោក គីម ជិះនៅលើយន្ដហោះនេះឬក៏ យ៉ាងណា។

គួរបញ្ជាក់ថា បើសិនជាដំណឹងពីដំណើរទស្សនកិច្ចនេះជាការពិត នោះវានឹងកា្លយជាដំណើរទស្សនកិច្ចជាលើកទី០៣របស់លោកមក កាន់ប្រទេសចិនក្នុងឆ្នាំ២០១៨នេះ ក្រោយលោកបានជួបជាមួយលោក ស៊ី ជិនពីងនៅខែមីនា និងខែឧសភា កន្លងទៅ៕