(ញូដេលី)៖ ទីភ្នាក់ងារសិក្សាគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា NITI Aayog បានចេញផ្សាយនូវរបាយការណ៍ថ្មីមួយបង្ហាញថា ប្រជាជនឥណ្ឌា ២០០,០០០នាក់ បានស្លាប់បាត់បង់ជីវិតជារៀងរាល់ឆ្នាំ ដោយសារតែកង្វះខាតទឹកស្អាតបរិភោគ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
បន្ថែមពីលើនេះ NITI Aayog ក៏បានព្យាករដែរថា វិបត្តិកង្វះទឹកស្អាតនេះនឹងសភាពកាន់តែអាក្រក់រហូតដល់ឆ្នាំ២០៣០ ហើយវានឹង ធ្វើឱ្យខាតបង់ដល់ប្រាក់ចំណូលរបស់ឥណ្ឌា០៦ភាគរយ។ NITI Aayog បានគូសបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនដូច្នេះថា៖« ឥណ្ឌាកំពុងរងការឈឺចាប់ដោយសារតែវិបត្តិកង្វះទឹកស្អាតដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈមនុស្សរាប់លាននាក់ រួមទាំងជីវិតសត្វជាច្រើន កំពុងស្ថិតនៅក្រោមការគំរាមកំហែង។ ពោលគឺបច្ចុប្បន្ន ប្រជាជនឥណ្ឌា៦០០លាននាក់ កំពុងប្រឈមមុខ នឹងកង្វះទឹកស្អាតបរិភោគ រីឯមនុស្ស ២០០,០០០នាក់ បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ»។
គួរបញ្ជាក់ថា បើតាម NITI Aayog តំបន់ភាគខាងជើងប្រទេសឥណ្ឌា គឺកំពុងប្រឈមមុខនឹងវិបត្តិកង្វះទឹកស្អាតខ្លាំងជាងគេ ដោយ ក្នុងនោះទីក្រុងធំៗចំនួន២០ ត្រូវបានគេរំពឹងថានឹងខ្វះខាតទឹកក្រោមដីធ្ងន់ធ្ងរយ៉ាងយូរនៅត្រឹមឆ្នាំ២០២០ ហើយដែលនេះនឹងបង្ក ផលប៉ះពាល់ដល់មនុស្សប្រមាណជា ១០០លាននាក់៕