(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា ចំនួនមនុស្សរងរបួសដោយសារគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ (ត្រូវបានគេដំឡើងពី ៥.៩រ៉ិចទ័រ) ដែលបានវាយប្រហារខេត្ត អូសាកា (Osaka) ភាគខាងលិចប្រទេសជប៉ុននាព្រឹកថ្ងៃចន្ទនេះ បានកើនដល់ ២០០នាក់ហើយ ខណៈមនុស្ស ០៣នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត៕
២៖ ភាពក្តៅគគុកកំពុងកើតមានឡើង នៅទីតាំងនានានៃភាគខាងជើងតំបន់ ហ្គាហ្សាស្ទ្រីព ដោយកងយន្តហោះចម្បាំងអ៊ីស្រាអែល កំពុងតែបើកការវាយប្រហារសង្គ្រប់លើតំបន់ទាំងនោះយ៉ាងខ្លាំងក្លាតែម្តង៕
៣៖ អវកាសយានិកចូលនិវត្តន៍ម្នាក់បានទស្សន៍ទាយថា គ្រាប់រ៉ុក្កែតនានា ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន SpaceX, Blue Origin និងសូម្បីតែអង្គការ NASA គឺគ្មានថ្ងៃអាចទទួលជោគជ័យ ក្នុងការនាំយកមនុស្សទៅកាន់ភពអង្គារ (Mars) បានឡើយ៕
៤៖ បេក្ខភាពដែលអ្នកនយោបាយស្តាំនិយមលោក អ៊ីវ៉ាន់ ឌូកេ (Ivan Duque) បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជុំចុងក្រោយ ដើម្បីជ្រើសរើសប្រធានាធិបតីកូឡុំប៊ី ជាមួយសំឡេងគាំទ្រ ៥៤ភាគរយ ក្រោយពីសន្លឹកឆ្នោតជាង ៩៩ភាគរយ ត្រូវបានរាប់៕
៥៖ កូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ នឹងចាប់ផ្ដើមការធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃ សំដៅបង្កើនសមត្ថភាពការពារទីប្រជុំកោះជម្លោះ ដុកដូ (Dokdo ឬជប៉ុនហៅថា តាកេស៊ីម៉ា) នៃឆ្នេរភាគខាងកើតរបស់ខ្លួន ពីការឈ្លានពានជាយកថាហេតុណាមួយពីសំណាក់ កងកម្លាំងជប៉ុន៕
៦៖ កិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់ នៃប្រទេសកូរ៉េទាំងពីរនៅឯភូមិជាប់ព្រំដែន នាថ្ងៃចន្ទសប្តាហ៍នេះ ដោយជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពរួមគ្នាថា នឹងរួមគ្នាប្រារព្ធព្រឹត្តិការណ៍កីឡានានា រួមទាំងការប្រកួតកីឡាបាល់បោះក្នុងទីក្រុងព្យុងយ៉ាង ព្រមទាំងការពិភាក្សាអំពីការចូលរួមសហការ នៃប្រទេសកូរ៉េទាំងពីរ ទៅក្នុងការប្រកួតកីឡាស៊ីហ្គេម (Sea Games) នៅប្រទេសឥណ្ឌូនេស៊ី ក្នុងខែសីហា ខាងមុខ៕