(ហ្គាហ្សា)៖ ភាពក្តៅគគុកកំពុងកើតមានឡើង នៅទីតាំងនានានៃភាគខាងជើងតំបន់ ហ្គាហ្សាស្ទ្រីព ដោយកងយន្តហោះចម្បាំងអ៊ីស្រាអែល កំពុងតែបើកការវាយប្រហារសង្គ្រប់លើតំបន់ទាំងនោះយ៉ាងខ្លាំងក្លាតែម្តង។ នេះបើតាមចេញផ្សាយដោយ សារព័ត៌មាន Sputnik នារសៀលថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
ទីតាំងដែលកងយន្តហោះចម្បាំងជាច្រើនគ្រឿង កំពុងបើកការវាយប្រហារនោះ គឺជាមូលដ្ឋានយោធាចំនួន ០៩កន្លែង ស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រចំនួន ០៣ធំៗ ក្នុងភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីពនោះតែម្តង។ កងកម្លាំងស្វ័យការពារអ៊ីស្រាអែលបានបង្ហោះក្នុងបណ្តាញសង្គម Twitter របស់ខ្លួនថា ទីតាំងដែលខ្លួនបើកការវាយសម្រុកនោះ គឺជាគ្រប់គ្រងដោយក្រុមហាម៉ាស់។
គួរបញ្ជាក់ថា ការវាយប្រហារពីសំណាក់ កងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល គឺជាការឆ្លើយតបទៅនឹង ការបង្ហោះខ្លែង និងបាឡុងផ្ទុកគ្រាប់បែក ដែលអ៊ីស្រាអែលអះអាងថា បានហោះចេញពីតំបន់ហ្គាហ្សា និងធ្លាក់លើទឹកដីអ៊ីស្រាអែល ខណៈទីក្រុងតែលអាវីវក៏បានព្រមានថែមទៀតថា ទង្វើភេរវកម្មបែបនេះ នឹងទទួលបានការវាយប្រហារតបទៅវិញ រឹតតែធ្ងន់ជាក់ជាមិនខានឡើយ។ មកទល់ពេលនេះ ពុំមានសេចក្តីរាយការណ៍អំពីការខូចខាត ឬក៏ចំនួនមនុស្សរងគ្រោះនោះឡើយ៕