(តូក្យូ)៖ សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា ចំនួនមនុស្សរងរបួសដោយសារគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ (ត្រូវបានគេដំឡើងពី ៥.៩រ៉ិចទ័រ) ដែលបានវាយប្រហារខេត្ត អូសាកា (Osaka) ភាគខាងលិចប្រទេសជប៉ុននាព្រឹកថ្ងៃចន្ទនេះ បានកើនដល់ ២០០នាក់ហើយ ខណៈមនុស្ស ០៣នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ ចំនួនមនុស្សស្លាប់អាចនឹងកើនឡើងថែមទៀត ដោយរដ្ឋមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន លោក ហាជីរ៉ូ អូកូនូជិ (Hachiro Okonogi) បានឲ្យដឹងថា នៅមានមនុស្សជាប់នៅក្រោមគំនរអគារដែលបានដួលរលំ ហើយក្រុមភ្នាក់ងារជួយសង្រ្គោះ កំពុងព្យាយាមតាមស្វែងរកពួកគេ។
ដោយឡែកបើតាម NHK ករណីអគ្គីភ័យក៏បានកើតមានឡើង ដោយសារហេតុការណ៍រញ្ជួយដីនេះផងដែរ ខណៈមនុស្សជាច្រើនត្រូវបានគេជឿជាក់ថា នៅជាប់គាំងក្នុងប្រអប់ជណ្តើរយន្ត ហើយលំនៅឋានជាង ១៧០,០០០ខ្នង នៅខេត្ត Osaka និងខេត្ត ហ៊ីយ៉ូហ្គោ (Hyogo) កំពុងគ្មានអគ្គិសនីប្រើប្រាស់។
គួរជម្រាបថា គ្រោះរញ្ជួយដីដែលមានជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដីនេះ ពុំបានបង្កជារលកយក្សស៊ូណាមិនោះឡើយ ហើយក្នុង ចំណោមជងរងគ្រោះទាំង០៣នាក់ខាងលើ មានក្មេងស្រីម្នាក់អាយុ០៩ឆ្នាំ៕