(កាណាដា)៖ អវកាសយានិកចូលនិវត្តន៍ម្នាក់បានទស្សន៍ទាយថា គ្រាប់រ៉ុក្កែតនានា ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន SpaceX, Blue Origin និងសូម្បីតែអង្គការ NASA គឺគ្មានថ្ងៃអាចទទួលជោគជ័យ ក្នុងការនាំយកមនុស្សទៅកាន់ភពអង្គារ (Mars) បានឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Fortune នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
ការព្យាករណ៍ខាងលើរបស់លោក Chris Hadfield ដែលបានចូលនិវត្តន៍ពីទីភ្នាក់ងារអវកាសកាណាដា កាលពីឆ្នាំ២០១៣ គឺពុំមែនដោយសារតែបច្ចេកវិទ្យាមិនអាចទៅរួចនោះទេ ប៉ុន្តែពីព្រោះតែហានិភ័យ នៃបញ្ហាសុវត្ថិភាពវាខ្ពស់ខ្លាំងពេក។ លោក Hadfield យល់ថា លទ្ធភាពនៃការចេញបេសកកម្មបញ្ជូនមនុស្សទៅភពអង្គារ គឺពុំអាចទៅរួចឡើយ។
លោក Hadfield បាននិយាយដូច្នេះថា «បើតាមទស្សនៈខ្ញុំ គឺយើងគ្មានថ្ងៃអាចទៅដល់ភពអង្គារឡើយ តាមរយៈការប្រើប្រាស់ម៉ាស៊ីនដែលមាននៅលើគ្រាប់រ៉ុក្កែត របស់ស្ថាប័នអវកាសទាំងបីនោះ (SpaceX, Blue Origin, NASA) លើកលែងតែយើងពិតជាចាំបាច់ ត្រូវតែទៅដោយជៀសមិនបាន។ ខ្ញុំគិតថាវាពុំមានមធ្យោបាយជាក់ស្តែងណាមួយ ដើម្បីបញ្ជូនមនុស្សទៅភពអង្គារឡើយ ដោយសារតែវាមានហានិយភ័យនៃគ្រោះថ្នាក់ខ្ពស់ និងចំណាយពេលយូរខ្លាំង»។
គួរជម្រាបថា ជំនួសឲ្យការឲ្យមនុស្សទៅប្រថុយជីវិតនោះ លោក Hadfield មានគំនិតមួយទៀត គឺការបន្តបញ្ជូនគ្រឿងយន្ត ដើម្បីទៅសិក្សាស្វែងយល់ឲ្យកាន់តែច្រើនតែថែមទៀតពីភពអង្គការ ជាជាងការប្រញាប់បញ្ជូនមនុស្សទៅកាន់ទីនោះផ្ទាល់៕