(កូឡុំប៊ី)៖ បេក្ខភាពដែលអ្នកនយោបាយស្តាំនិយមលោក អ៊ីវ៉ាន់ ឌូកេ (Ivan Duque) បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជុំចុងក្រោយ ដើម្បីជ្រើសរើសប្រធានាធិបតីកូឡុំប៊ី ជាមួយសំឡេងគាំទ្រ ៥៤ភាគរយ ក្រោយពីសន្លឹកឆ្នោតជាង ៩៩ភាគរយ ត្រូវបានរាប់។ នេះបើតាមការប្រកាសលទ្ធផល ពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតកូឡុំប៊ី CNE ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
អ្នកនយោបាយវ័យ ៤១ឆ្នាំរូបនេះ បានទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ១០,៣៤០,៣១៣សន្លឹក ខណៈគូប្រជែងរបស់លោក ដែលជាអ្នកឆ្វេងនិយម គឺលោក ហ្គូស្តាវ៉ូ ផេត្រូ (Gustavo Petro) ឈរនៅលេខរៀងទីពីរ ជាមួយសំឡេងគាំទ្រ ៤១.៨៣ភាគរយ ដែលស្មើនឹង ៨,០១៦,៤០២សន្លឹកឆ្នោត។
លោក Duque នឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការនៅខែសីហា បន្តពីប្រធានាធិបតីចប់អាណត្តិលោក ចូអាន ម៉ានូអែល សាន់តូស (Juan Manuel Santon) ដែលជាអ្នកសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព ជាមួយក្រុមឧទ្ទាម FARC និងទទួលបានពានរង្វាន់ណូបែលសន្តិភាព ដោយសារតែកិច្ចខិតខំប្រឹងប្រែងនេះថែមទៀតផង។
គួរជម្រាបថា លោក Ivan Duque នឹងក្លាយជាប្រធានាធិបតីវ័យក្មេងជាងគេរបស់ប្រទេសកូឡុំប៊ី គិតចាប់តាំងពីឆ្នាំ១៨៧២មក៕