(តូក្យូ)៖ មនុស្ស​០៣នាក់​ហើយត្រូវគេ​បញ្ជាក់ថា បាត់​បង់ជីវិតក្នុងនោះរួមមានកុមារីវ័យ ០៩ឆ្នាំម្នាក់ផងដែរ ព្រមទាំងមនុស្ស​ជាង ១០នាក់​ទៀតបាន​រងរបួស ដោយសារ​គ្រោះរញ្ជួយដី​កម្រិត ៦.១រ៉ិចទ័រ (ត្រូវបានគេ​ដំឡើងពី ៥.៩រ៉ិចទ័រ) ដែល​បាន​វាយប្រហារខេត្ត អូសាកា (Osaka) ភាគខាង​លិចប្រទេសជប៉ុន​នាព្រឹក​ថ្ងៃចន្ទនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៨ ខែ​មិថុនា ឆ្នាំ២០១៨។

ចំនួនមនុស្ស​ស្លាប់អាចនឹងកើន​ឡើងថែមទៀត ខណៈរដ្ឋមន្រ្តី​គ្រប់គ្រងគ្រោះ​មហន្តរាយ​ជប៉ុន លោក ហាជីរ៉ូ អូកូនូជិ (Hachiro Okonogi) បានឲ្យដឹងថា នៅ​មានមនុស្ស​ជាប់នៅក្រោម​គំនរអគារ​ដែលបាន​ដួលរលំ ហើយក្រុម​ភ្នាក់ងារជួយ​សង្រ្គោះ កំពុងព្យាយាម​តាមស្វែង​រកពួកគេ។

បើតាម​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​ជប៉ុន ករណីអគ្គីភ័យ​ក៏បានកើតមានឡើង ដោយសារ​ហេតុការណ៍រញ្ជួយដី​នេះផងដែរ ខណៈមនុស្ស​ជាច្រើន​ត្រូវបានគេ​ជឿ​ជាក់ថា នៅជាប់គាំងក្នុង​ប្រអប់ជណ្តើរ​យន្ត ហើយលំនៅឋានជាង ១៧០,០០០ខ្នង នៅខេត្ត Osaka និងខេត្ត ហ៊ីយ៉ូហ្គោ (Hyogo) កំពុងគ្មានអគ្គិសនី​​ប្រើប្រាស់។ ជាមួយគ្នានេះ សេវារថភ្លើង និងអាកាសយានដ្ឋាន​មួយចំនួន នៅក្នុងតំបន់​ក៏ត្រូវបានផ្អាក​ដំណើរការ​ជាបណ្តោះអាសន្ន​​ថែម​ទៀត​​ផង។

គួរជម្រាបថា គ្រោះរញ្ជួយដីដែល​មានជម្រៅ ១០គីឡូម៉ែត្រ​ក្រោមផ្ទៃដីនេះ ពុំបានបង្កជា​រលកយក្សស៊ូណាមិ​នោះឡើយ៕