(ដាម៉ាស់)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ដោយផ្អែកលើប្រភពពីយោធាស៊ីរី បានចោទប្រកាន់ថាយន្ដហោះចម្បាំងមួយគ្រឿង របស់ក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក បានវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានទ័ពស៊ីរីមួយកន្លែងក្នុងតំបន់ al-Harra ស្ថិតនៅភាគអាគ្នេយ៍ទីក្រុង Al Bukamal ដោយសម្លាប់យោធាជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
ទីក្រុង Al Bukamal គឺជាផ្នែកមួយនៃខេត្ត Deir ez-Zor និងស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយអ៊ីរ៉ាក់។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកនាំ ពាក្យក្រសួងការពារជាតិអាមេរិក លោក Adrian Rankine-Galloway បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថាទីក្រុង វ៉ាស៊ីនតោន និងក្រុមចំរុះអន្តរជាតិ មិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារតាមផ្លូវអាកាសលើយោធាស៊ីរីនេះទេ។ «សហរដ្ឋអាមេរិក និងក្រុមចំរុះអន្តរជាតិ មិនមែនជាអ្នកដឹកនាំការវាយប្រហារតាមផ្លូវអាកាសនេះនោះទេ»។ នេះបើតាមលោក Rankine-Galloway ថ្លែងបា្រប់ Sputnik កាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងពួក ISIS ចាប់តាំង ពីឆ្នាំ២០១៤ ខណៈកងទ័ពអាមេរិក២,០០០នាក់ កំពុងឈរជើងនៅស៊ីរី។ ប៉ុន្តែប្រតិបត្តិការយោធានេះ មិនត្រូវបានរដ្ឋាភិបាលទីក្រុង ដាម៉ាស់អនុញ្ញាតឡើយ៕